សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្កើត “​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន

​កាលពី​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន បានសម្រេច​បង្កើត “​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន — Samdech Techo Project for Mine Action_STP – MA” ក្រោម​មូលបទ “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម — Providing Safe Ground, Creating Smiles” ក្រោម​ការដឹកនាំ គ្រប់គ្រង និង​សម្របសម្រួល​ដោយ​អាជ្ញាធរ​មីន ដែលមាន សម្តេច​តេ​ជោ ជា​ប្រធាន​។​

​គម្រោង​នេះ បានកើត​ចេញពី​ការអំពាវនាវ​របស់​ស​ម្តេច​តេ​ជោ កាលពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២២ ក្នុង​ទិវា​មច្ឆជាតិ នៅ​តំបន់​អាងទឹក​ត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ និង​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ការ​បោសសម្អាត​មីន មានការ​ចូលរួម​គាំទ្រ​យ៉ាង​ផុសផុល​ពី​កាកបាទក្រហមកម្ពុជា វិស័យ​ឯកជន និង​សប្បុរសជន ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន ក្នុងនាម​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ក៏ដូចជា​គ្រួសារ​វិស័យ​សកម្មភាព​មីន​កម្ពុជា បាន​សម្តែង​នូវ​ការដឹងគុណ និង​ក​ត្ត​ញ្ញូ​តា​ធម៌​ដ៏​ខ្ពង់​ខ្ពស់បំផុត​ជូន​ចំពោះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​តែងតែ​ផ្តល់​ភាពកក់ក្តៅ និង​ស្នាមញញឹម​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​កាលៈទេសៈ និង​ទីកន្លែង​។

​ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា បន្ទាប់ពី​មានការ​ចូលរួម​វិភាគទាន​នេះ អាជ្ញាធរ​មីន បានរៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ជា​បន្តបន្ទាប់ ដើម្បី​រៀបចំ​ផែនការ​លម្អិត​សម្រាប់​កំណត់​គោលដៅ​បោសសម្អាត មីន​ជា​អាទិភាព​។​

​ជាមួយគ្នានេះ នៅ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ក្នុងនាម​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន នឹង​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ប្រតិបត្តិ​ករ​ជាតិ​រួមមាន​៖ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​(CMAC) និង​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម (NPMEC) ដើម្បី​ធ្វើការ​បែងចែក​កម្លាំង​បោសសម្អាត​មីន និង​ធនធាន​នានា​តាម​គោលការណ៍​កំណត់​ជា​អាទិភាព ក្នុង​គោលដៅ​ផ្តល់​សុវត្ថិភាព និង​ស្នាមញញឹម​ជា​ប្រជាពលរដ្ឋ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close