ប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា ជំរុញ​ឲ្យ​សមាជិក​សហព័ន្ធ​បាល់បោះ​ ពង្រឹង​យន្តការ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ឆ្នាំ​២០២៣

​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្តម ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​គណៈកម្មការ​បច្ចេក​ទេស រួមទាំង​សមាជិក​ទាំងអស់ នាពេល​កន្លងមក ក៏ដូចជា​ជំរុញ​ឲ្យ​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ពង្រឹង​យន្តការ​នានា ក្នុងការ​សម្រួច​គោលដៅ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​



ឯកឧត្តម​ប្រធាន​សហព័ន្ធ​មានប្រសាសន៍ថា សហព័ន្ធ​បានដាក់​ផែនការ​សកម្មភាព​ច្បាស់​លាស់ នៅក្នុង​ដំណើរការ​អភិវឌ្ឍ​វិស័យ​កីឡា​ជំនាញ​នេះ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។ «​យើង​ដឹង​ច្បាស់​ហើយ​ថា ក្រសួង​អប់រំ យុវជន និង​កីឡា​បាននិងកំពុង​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​វិស័យ​កីឡា ស្របទៅតាម​គោលការណ៍​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ប្រភេទ​កីឡាបាល់បោះ ក៏ដូចជា​ប្រភេទ​កីឡា​ផ្សេងៗ​ទៀត សម្រាប់​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ឆ្នាំ​២០២៣»​។​

​ឯកឧត្តម ស៊ាន បូរ៉ា​ត គូសបញ្ជាក់​ទៀតថា «​យើង​ត្រូវ​គិតគូ​បន្ថែមទៀត​ទៅលើ​យន្តការ​ការងារ​នេះ​ឲ្យ​បានច្បាស់លាស់ ក្នុងការ​ជ្រើសរើស​កីឡាករ កីឡាការិនី​បាល់បោះ​ឲ្យ​មាន​គុណភាព ដោយ​ទី​១​ត្រូវ​ពង្រឹង​ក្លិប​ក្នុងប្រទេស​ឲ្យ​បាន​ខ្លាំង ទី​២ រៀប​ចំការ​បង្វឹក​ដល់​កីឡាករ កីឡាការិនី​លើ​វិញ្ញាសា ៣​ទល់​៣ និង​៥​ទល់​៥​ជាដើម​»​។​

​ជាមួយគ្នា​នោះ ឯកឧត្តម​ប្រធាន​សហព័ន្ធ​ក៏បានផ្តល់​អនុសាសន៍​ឲ្យ​គណៈកម្មាធិការ​ប្រតិបត្តិ​ជំរុញ​យ៉ាងណា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ឲ្យ​បានល្អ​ប្រសើរ ដោយ​មិនត្រូវ​ទុក​បញ្ហា​ទាំងនោះ​នៅ​ឆ្ងាយ​នោះទេ​។ ឯកឧត្តម​ក៏បាន​ណែនាំ​ឲ្យ​លេខាធិការដ្ឋាន​សហព័ន្ធ​រៀបចំ​ផែនការ​សកម្មភាព​គោលដៅ​ចម្បងៗ​ទាំងនេះ​ឲ្យ​បានច្បាស់លាស់ និង​ដំណើរការ​ឲ្យ​រលូន ក្នុងការ​ពង្រឹង​គោលនយោបាយ​គ្រប់គ្រង សកម្មភាព​ប្រកួត ព្រមទាំង​លើកទឹកចិត្ត​ជូន​ដល់​កីឡាករ កីឡាការិនី​ឲ្យ​មានការ​ប្រកួតប្រជែង​ពង្រឹង​បច្ចេកទេស​ឲ្យ​បាន​រឹងមាំ​បន្ថែមទៀត​។ ជារួម ឯកឧត្តម​ប្រធាន​សហព័ន្ធ​ស្នើសុំ​ដល់​គ្រប់​សមាសភាព​ពាក់ព័ន្ធ​ទាំងអស់​លើកកម្ពស់​បន្ថែម​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការបាញ់​ឆ្ពោះទៅ​រៀបចំ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ឲ្យ​ទទួលបាន​ជោគជ័យ​។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​មានប្រសាសន៍​ដែរ​ថា ក្នុង​ដំណើរ​ត្រៀម​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ឆ្នាំ​២០២៣ ទី​១ សហព័ន្ធ​ត្រូវ​រៀបចំ​ក្រុម​ជម្រើសជាតិ​កីឡាបាល់បោះ ហើយ​ត្រូវ​ឆ្លើយតប​ទៅនឹង​ស​ន្ទ​ស្សន៍ មេដាយ ដែល​គណៈកម្មាធិការ​ជាតិ CAMSOC បានដាក់​ចេញ​ជាគោលការណ៍​។ ឯកឧត្តម​អគ្គនាយក​ក៏បាន​ឯកភាព​នឹង​ការធ្វើ​បទ​បង្ហាញ​អំពី​ការរៀបចំ​ក្រុម​ជម្រើសជាតិ វគ្គ​បំប៉ន​សមត្ថភាព​បន្ថែម​សម្រាប់​មន្ត្រី គ្រូបង្វឹក ជាដើម ដើម្បី​បង្កើន​ទាំង​បរិមាណ និង​គុណភាព​។​

ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ សង្កត់ធ្ងន់ថា នា​ខែធ្នូ ឆ្នាំ​២០២២​ខាងមុខនេះ នឹងមាន​ការប្រកួត​កីឡា​ជាតិ ហើយ​ឯកឧត្តម​បានស្នើ​ឲ្យ​យក​ការរៀបចំ​កីឡា​ជាតិ លើក​ទី​៣​នេះ គឺជា​កន្លែង​អនុវត្ត​ការងារ ឬ​ជា​ការដ្ឋាន​ការងារ​អនុវត្ត​ជាក់ស្តែង ក្នុង​ការវាស់ស្ទង់​នៃ​ការរៀបចំ​ផង និង​ជា​ការវាស់ស្ទង់​គុណភាព​បច្ចេកទេស​របស់​កីឡាករ កីឡាការិនី​ផង នៃ​ដំណើរ​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ឆ្នាំ​២០២៣៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close