បាញ់ប្រហារជាច្រើនកន្លែងក្នុងទិវាឯករាជ្យអាមេរិក
មនុស្សជាច្រើនភ័យតក់ស្លុត ឱបកូនរត់ ខ្លះក៏បានយកកូនទៅលាក់ក្នុងធុងសម្រាម ក្រោយពេលខ្មាន់កាំភ្លើង បាញ់ប្រហារពីលើអគារទៅលើពិធីដង្ហែរក្បួន ទិវាឯករាជ្យរបស់អាមេរិក ថ្ងៃទី ៤ខែកក្កដា នៅក្នុងតំបន់ Highland Park ទីក្រុង ឈីកាហ្គោ រដ្ឋ Illinois អាមេរិក ។
សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២ បានផ្សាយថាមនុស្សយ៉ាងហោច ៦នាក់បានស្លាប់ និង ២៦នាក់ផ្សេងទៀត បានរងរបួសនៅពេលខ្មាន់កាំភ្លើងម្នាក់បើកការបាញ់ប្រហារលើក្បួនព្យុហយាត្រា ក្នុងឱកាសប្រារព្ធបុណ្យឯករាជ្យជាតិអាមេរិក នៅជាយទីក្រុងឈីកាហ្កោ នៃរដ្ឋអ៉ីលីណយ (Illinois) កាលពីថ្ងៃ៤ខែកក្កដា (ពេលវេលាអាមេរិក)។
បើតាមមន្ត្រីប៉ូលិស កាំភ្លើងវែងមួយដើមត្រូវបានរកឃើញនៅកន្លែងកើតហេតុ ហើយក្នុងចំណោមមនុស្ស ២៦នាក់ មាន២៥នាក់រងរបួសដោយសារគ្រាប់កាំភ្លើង ដោយក្នុងនោះ ក៏មានកុមារមានអាយុចន្លោះពី៤ ទៅ ៥ឆ្នាំផងដែរ។ ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងនៅម៉ោងប្រហែលជា ១០៖១៥នាទីព្រឹក ដោយខ្មាន់កាំាភ្លើងធ្វើសកម្មភាពបាញ់ប្រហារចេញពីលើដំបូលហាងទំនិញមួយ។
ក្រោយហេតុការណ៍បាញ់ប្រហារនេះ ប៉ូលិសអាមេរិកបានប្រកាសថាពួកគេបានចាប់ខ្លួនជនសង្ស័យម្នាក់មានអាយុ ២២ឆ្នាំ និងត្រូវបានគេបញ្ជាក់ ថាមានឈ្មោះ រ៉ូបឺត គ្រីម៉ូ (Robert E. Crimo III)។ ប៉ុន្តែ ភ្លាមៗ ប៉ូលិសមិនទាន់អាចបញ្ជាក់ពីហេតុផលនៅពីក្រោយការបាញ់ប្រហារនេះនៅឡើយទេ។
ចំណែកនៅទីក្រុង Philadelphia ភាគឦសាន្តអាមេរិក ក៏មានករណីបាញ់ប្រហារ ក្នុងទិវាឯករាជ្យ អាមេរិកថ្ងៃទី ៤ខែកក្កដា ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា ប៉ូលិសពីររូបរងរបួសនៅក្នុងការបាញ់ប្រហារនៅយប់ថ្ងៃទី ៤ខែកក្កដា ក្នុងពេលទីក្រុងនេះកំពុងប្រារព្ធពិធីទិវាឯករាជ្យ ។ តាមការប្រកាសរបស់មន្ត្រីប៉ូលិសបានបញ្ជាក់ថា ហេតុការបាញ់ប្រហារខាងលើកើតឡើងក្នុងពេលមនុស្សជាច្រើនកំពុងទស្សនាការបាញ់កាំជ្រួចផ្កាភ្លើង ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ នៅក្នុងទីក្រុងឈីកាហ្គោ មានការបាញ់រ៉ះបណ្តាលឲ្យមនុស្ស ៦នាក់ស្លាប់ និងជិត ៣០នាក់រងរបួស ការបាញ់ប្រហារធ្វើឡើងពីលើអគារ ។ ជនដៃដល់ក៏ត្រូវបានកម្លាំងប៉ូលិសចាប់ខ្លួនភ្លាមៗនោះដែរ ។ នៅពេលនេះ មិនទាន់អាចសន្និដ្ឋានបានថា ជាការវាយប្រហារភេរវកម្មឬយ៉ាងណានោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។