រដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវគ្រប់ប្រទេសត្រូវរួមគ្នាអនុវត្តសកម្មភាព ជាពិសេសត្រូវពិនិត្យឡើងវិញអាទិភាពគោលនយោបាយដើម្បីបង្កើនការវិនិយោគ និងកំណត់កម្មវិធីគាំពារ និងអភិវឌ្ឍកុមារតូច
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកស្ដីពីការអភិវឌ្ឍកុមារតូច លើប្រធានបទវិបត្តិកុមារតូច ចំពោះការឆ្លើយតបវិបត្តិកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងការធ្លាក់ចុះបរិស្ថាន (Young Children in Crisis: Addressing the Impact of Covid-19, Climate Change and Environmental Degradation) ដែលប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធអនឡាញ រៀបចំដោយបណ្ដាញការងារកុមារតូចតំបន់អាស៊ីប៉ាស៊ីហ្វិក (ARNEC)។
ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានអំពាវនាវគ្រប់ប្រទេសត្រូវរួមគ្នាអនុវត្តសកម្មភាព ជាពិសេសត្រូវពិនិត្យឡើងវិញអាទិភាពគោលនយោបាយដើម្បីបង្កើនការវិនិយោគ និងកំណត់កម្មវិធីគាំពារ និងអភិវឌ្ឍកុមារតូច ក្នុងចំណោមរដ្ឋជាសមាជិក ដោយយកចិត្តទុកដាក់លើ៖
ផលប៉ះពាល់ជាក់ស្ដែងនៃវិបត្តិនៃការរីករាលដាលកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងការធ្លាក់ចុះនៃបរិស្ថាន ដោយមិនត្រូវយកចិត្តទុកដាក់ដោយឡែកចំពោះតែសារៈសំខាន់ក្នុងការពង្រឹងកម្មវិធីឬការអនុវត្តប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតពីការពង្រឹងប្រព័ន្ធការងារគាំពារ និងអភិវឌ្ឍកុមារតូចទាំងមូលដើម្បីបង្កើនភាពធន និងប្រឈមបាននឹងវិបត្តិទាំងនេះ
ស្របពេលវេលាដ៏លំបាកបន្ទាប់ពីកូវីដ-១៩ មានស្ថានភាពល្អប្រសើរឡើងវិញ យើងត្រូវតែពិនិត្យ និងកំណត់ការវិនិយោគលើការងារគាំពារ និងអភិវឌ្ឍកុមារជាការងារអាទិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។