ល្ងាចមិញ​ឆេះផ្ទះជាង ១០ខ្នង នៅកណ្តាលក្រុងបាត់ដំបង

(បាត់ដំបង) ៖  អគ្គិភ័យបានលេបត្របាក់ផ្ទះពលរដ្ឋជាង ១០ខ្នង កាលពីវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ដំបូងឡើយ គេបានឃើញផ្សែង និងអណ្តាតភ្លើងកួចខ្មួលខ្មាញ់ ចេញពីផ្ទះលក់គ្រឿងសង្ហារឹម និងលក់ពូកដែលម្ចាស់ឈ្មោះ អៀ អេងហុង ភេទប្រុស អាយុ ៧០ ឆ្នាំ ហើយក៏ឆេះយ៉ាងសន្ធោសន្ធៅខ្លាំងឡើងៗ រហូតរាលឆ្លងទៅដល់ផ្ទះរបស់ប្រជាពលរដ្ឋ នៅជិតខាងគ្នាថែមទៀត សរុបអស់ចំនួន ១២ ខ្នង ត្រឹមរយ:ពេលខ្លី។

តែយ៉ាងណាគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានមនុស្ស រងរបួសឬប៉ះពាល់ដល់អាយុជីវិតនោះទេ ។ ដោយ​ឡែក​មូលហេតុពិតប្រាកដ នៃគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចជំនាញនៅមិនទាន់ដឹងច្បាស់លាស់នៅឡើយដែរ ដោយកម្លាំងជំនាញ កំពុងបន្តការស្រាវជ្រាវ ។

គ្រោះថ្នាក់ដោយសារអគ្គិភ័យនេះ នគរបាលពន្លត់អគ្គិភ័យ បានអន្តរាគមន៍ចុះពន្លត់ ដោយបានប្រើប្រាស់រថយន្ត ជិត ២០គ្រឿង ប៉ុន្តែដោយសារអំណាចភ្លើង បានឆេះលឿនពេក ទើបមិនអាចគ្រប់គ្រងបានទាន់ពេលវេលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close