សិង្ហ​បុរី រកឃើញ​ករណី​ជំងឺ​អុត​ស្វា ក្នុងស្រុក​ជា​លើកដំបូង​

​សិង្ហ​បុរី​៖ ប្រទេស​សិង្ហ​បុរី​បានប្រកាស​ពី​ការរកឃើញ​ករណី​ជំងឺ​អុត​ស្វា ក្នុងស្រុក ជា​លើកដំបូង​។ ក្រសួងសុខាភិបាល​ថា ជនរងគ្រោះ​ជា​ជនជាតិ​ម៉ាឡេស៊ី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ស្នាក់នៅ​ប្រទេស​សិង្ហ​បុរី​។ គាត់​បានធ្វើ​តេស្ត​វិជ្ជមាន កាលពី​ថ្ងៃទី​៦ កក្កដា ២០២២​។​

​ក្រសួង​បាន​បន្ថែមថា អ្នកមាន​ទំនាក់ទំនង​ជិតស្និទ្ធ នឹង​បុរស​នោះ ត្រូវបាន​កំណត់​អត្តសញ្ញាណ​ហើយ ដោយ​ពួកគេ​ទាំង​៣​នាក់ ត្រូវដាក់​ឱ្យនៅ​ដាច់ដោយឡែក ២១​ថ្ងៃ ថ្ងៃ​ចាប់តាំងពី​ទំនាក់ទំនង​ចុងក្រោយ​របស់​ពួកគេ ជាមួយ​អ្នកជំងឺ​។​

​អ្នកជំងឺ​អុត​រូបនោះ​មាន​រោគសញ្ញា​ដូចជា​ដំបៅ​ស្បែក​ពោះ​ផ្នែក​ខាងក្រោម អស់កម្លាំង ហើម​កូនកណ្តុរ ក្តៅខ្លួន និង​ឈឺបំពង់ក​។ ប៉ុន្តែ​ក្រសួង​ថា ស្ថានភាព​របស់គាត់​មាន​ស្ថេរភាព ហើយ​បច្ចុប្បន្ន​គាត់​កំពុង​សម្រាក​នៅ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ជំងឺឆ្លង​។​

​ក្រសួងសុខាភិបាល​សិង្ហ​បុរី​បន្ថែមថា​ហានិភ័យ​នៃ​ការឆ្លង​ដល់​មនុស្ស​ទូទៅ​នៅតែមាន​កម្រិត​ទាប​។ អ្នកជំងឺ​មិនមាន​ទំនាក់ទំនង​ជាមួយ​ករ​ណី​នាំចូល ដែល​បានប្រកាស​កាលពី​ខែ​មុន​ទេ​។​

​អង្គការ​សុខភាព​ពិភពលោក​ថា អ្នក​កើត​ជំងឺ​អុត​ស្វា​មាន​ជាង​៦​ពាន់​ករណី​ហើយ ដែល​ត្រូវបាន​រាយការណ៍ ពី​ប្រទេស​ចំនួន ៥៨​ក្នុងអំឡុងពេល​នៃ​ការផ្ទុះ​ឡើង នាពេល​បច្ចុប្បន្ននេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close