អំពើហឹង្សាបានផ្ទុះឡើង នៅព្រំដែន ម៉ិចស៊ីកូ បង្ខំឲ្យអាមេរិកបិទព្រំដែន

រដ្ឋាភិបាលអាមេរិក បានសម្រេចបិទជ្រកព្រំដែនជាបណ្តោះអាសន្ន ជាប់ម៉ិចស៊ីកូ ក្រោយពេល ក្រុមជនភៀសខ្លួន មកពីតំបន់អាមេរិកកណ្តាល កំពុងរងចាំនៅទីក្រុង Tijuana ​ប្រទេសម៉ិចស៊ីកូ ដើម្បីសុំចូលទៅកាន់អាមេរិក ។

មន្ត្រីគ្រប់គ្រងច្រកព្រំដែនជាប់មិចស៊ីកូបានបញ្ចាក់ថា ច្រកព្រំដែន San Ysidro នៅភាគខាងជើង ទីក្រុង​ Tijuana ​និង ភាគខាងត្បូង San Diego ​ត្រូវបានបិទនៅវេលាម៉ោង ១១និង៣០នាទី ម៉ោងក្នុងតំបន់ ថ្ងៃទី ២៥ខែវិច្ឆិកា ។

តាមការលើកឡើងរបស់មន្ត្រីគ្រប់គ្រងព្រំដែនបានឲ្យដឹងថា ក្រុមជនភៀសខ្លួន បាន បំបែកគ្នា ហើយខ្លះបានសម្រុកចូលព្រំដែន នៅភាគខាងកើត និងភាគខាងលិច ។ មនុស្សជាច្រើនទៀត បានចូលតាំតំបន់ភាគខាងជើង និងភាគខាងត្បូង ក៏ត្រូវបានកម្លាំងការពារព្រំដែន រារាំងហើយ បង្ខំឲ្យវិលត្រឡប់ទៅមិចស៊ីកូវិញ​​។

តាមសារព័ត៌មាន​CBP ​ បានផ្សាយថា ការខិតខំ ចូលទៅកាន់អាមេរិក ដោយខុសច្បាប់​ចេះតែបន្តកើតឡើង ធ្វើឲ្យកម្លាំងការពារព្រំដែនអាមេរិក បង្ខំប្រើប្រាស់ ឧស្ម័នបង្ហូតទឹកភ្នែកដើម្បីទប់ស្កាត់អ្នកដែលព្យាយាមផ្លោះរបង ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករងរបួសនោះឡើយ។

រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអាមេរិក លោក​ Kirstjen Nielsen ​បានឲ្យដឹងថា​«ក្រោយពេលដែលក្រុមសន្តិសុខ ទប់ស្កាត់នៅតាមព្រំដែន ក្រុមជនភៀសខ្លួន បានគប់ដុំថ្ម ទៅលើកម្លាំងប៉ូលិស អាមេរិក ។ នៅពេលនេះដែរ អាមេរិក​បានបន្ថែមកម្លាំងការពារ​ត្រៀមទប់ស្កាត់ ការព្យាយាមឆ្លងព្រំដែនខុសច្បាប់ដែលអាចកើតឡើងជាបន្តទៀត ។

រដ្ឋាភិបាលម៉ិចស៊ីកូ បានសម្រេចបណ្តេញជនភៀសខ្លួន​៥០០នាក់​ដែលបានព្យាយាមឆ្លងដែនខុសច្បាប់ចូលទៅកាន់អាមេរិក កាលពីថ្ងៃទី​២៥ខែវិច្ឆិកា។ នៅពេលនេះមានជនភៀសខ្លួន ជាង ៥ពាន់នាក់​បានបោះជំរុំនៅទីក្រុង​ Tijuana ជាប់ព្រំដែន​អាមេរិក ។ តាមការលើកឡើងរបស់រដ្ឋាភិបាលម៉ិចស៊ីកូ មានជនភៀសខ្លួន ៨២៤៧នាក់ មកពីតំបន់អាមេរិកកណ្តាល ចូលដល់ទឹកដីម៉ិចស៊ីកូ ។

កាលពីថ្ងៃទី ២៥ខែវិច្ឆិកា ប្រធានាធិបតីអាមេរិកដូណាល ត្រាំ បានសរសេរនៅលើបណ្តាញ​Twitter ​របស់ខ្លួនថា ជនភៀសខ្លួនទាំងនោះនឹងបន្តនៅក្នុងប្រទេសម៉ិចស៊ីកូ រហូតដល់តុលាការអាមេរិក អនុម័តទៅលើច្បាប់សំភៀសខ្លួន ។ នៅពេលជាមួយគ្នានេះ រដ្ឋាភិបាលមិចស៊ីកូ​បានប្រជុំស្តីពី​បញ្ហាជនភៀសខ្លួន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close