ក្រសួង​សាធារណការ ណែនាំ ស្តីពី​ការអនុញ្ញាតឱ្យ​ចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ផ្លាកលេខ សម្គាល់​យានជំនិះ លើ​រថយន្ត​ចង្កូត​ស្ដាំ​មាន​ស្រាប់​ក្នុងប្រទេស​

​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​១៣ ខែកក្កដា​នេះ បានចេញ​សេចក្ដីណែនាំ​ស្តីពី​ការអនុញ្ញាតឱ្យ​ចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ផ្លាកលេខ​សម្គាល់​យានជំនិះ លើ​រថយន្ត​ចង្កូត​ស្ដាំ​មាន​ស្រាប់​ក្នុងប្រទេស​។

​បើតាម​សេចក្តីណែនាំ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា យោងតាម​ប្រសាសន៍ និង​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ ដែល​បាន​អនុគ្រោះ​ឱ្យ​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុងប្រទេស​ដែល​នៅ​សេសសល់ ចូលមក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ ដោយ​ពុំ​ចាំបាច់​កែច្នៃ​ចង្កូត​ពីស្តាំ​មក​ឆ្វេង​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ធ្វើ​ការណែនាំ​ដល់​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​-​ខេត្ត និង​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី​ខេត្ត ត្រូវ​ទទួល​ចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ផ្លាកលេខ​សម្គាល់​យានជំនិះ លើ​រថយន្ត​ចង្កូត​ស្តាំ​មាន​ស្រាប់ ក្នុងប្រទេស​ដែល​បាន​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​រួចរាល់ ស្របតាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ចុះ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២ ស្តីពី​ការអនុញ្ញាតឱ្យ​បង់ពន្ធ និង​អាករ​លើ​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុងប្រទេស​ដែល​នៅ​សេសសល់ តាម​បែបបទ និង​នីតិវិធី​ដូច​បាន​អនុវត្ត​កន្លងមក​នូវ​ទម្រង់​ផ្លាកលេខ «​ចង្កូត​ស្តាំ​» ដូច​មាន​ក្នុង​ឧបសម្ព័ន្ធ​ភ្ជាប់​ជាមួយ​។​

​បន្ថែម​ពីនេះ ក្រសួង​សង្ឃឹមថា បន្ទាប់ពី​ទទួលបាន​សេចក្ដីណែនាំ​នេះ អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី ខេត្ត និង​អង្គភាព​ច្រកចេញចូល​តែមួយ​រា​ធានី ខេត្ត ត្រូវអនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close