ឯកឧត្តម សុខ លូ​៖ ត្រូវមាន​វិធានការ​រដ្ឋបាល និង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​មានការ​សាងសង់​សំណង់​ឬ​លំនៅដ្ឋាន​ថ្មីៗ​ខុសច្បាប់ នៅតាម​មាត់​ស្ទឹង​

​កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ជំនាញ ចុះ​ពិនិត្យ​ការ​រអិល​ដី​បាក់ស្រុត​ច្រាំង​ស្ទឹង​សង្កែ ស្ថិតនៅ​ភូមិ​ស្ដី​លើ ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែល​រង​ការខូចខាត​មាន​ប្រវែង​ប្រមាណ​២០០​ម៉ែត្រ ដែល​បង្កឡើង​ដោយ​គ្រោះធម្មជាតិ​ភ្លៀង​ធ្លាក់​ច្រើន​បណ្ដាលឱ្យ​ទឹក​ហូរ​បុក​ច្រោះ​ទីតាំង​ខាងលើនេះ ។

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម សុខ លូ បាន​មានប្រសាសន៍​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ឱ្យធ្វើ​ការជួសជុល​ផ្លូវ ដោយ​កំណត់​ឲ្យ​ក្រុមហ៊ុន​ទទួលខុសត្រូវ​ការងារ​សាងសង់ ត្រូវ​បុកគ្រឹះ​នៅ​ទីតាំង​ដែល​កំពុង​បាក់ស្រុត​ខ្លាំង​ដើម្បី​ទប់ស្កាត់​ការបាក់​បន្តទៀត​ដើម្បី​ជួយ​សម្រួល​ឱ្យបាន​ប្រើប្រាស់ ជា​បណ្តោះអាសន្ន​សិន និង ដើម្បី​ធ្វើការ​ទប់ស្កាត់ ពី​ការ​រអិល​បាក់​ដី​ច្រាំង​ស្ទឹង​បន្ត​កើត​មាននៅ​កន្លែង​នេះ​បន្ថែមទៀត ដែល វា​អាច​បង្ក​កាន់តែ​ធ្ងន់ធ្ងរ ។

​ឯកឧត្តម ក៏បាន​ជម្រុញ​ដល់​រដ្ឋបាល​ស្រុក​ឯក​ភ្នំ មេឃុំ​នៅ​ទីនោះ ត្រូវដាក់​ស្លាក​សញ្ញា​ប្រុងប្រយ័ត្ន ពី​ការធ្វើដំណើរ​និង​បើកបរ​យានជំនិះ​គ្រប់​ប្រភេទ ឲ្យ​គេ​បានដឹង និង​ប្រុងប្រយ័ត្ន​ខ្ពស់ នៅទីនេះ ចៀសវាង​ការគ្រោះថ្នាក់​កើតឡើង​ជាយ​ថា​ហេតុ និង​បាន​ណែនាំ​ដល់ អភិបាលស្រុក​ឯក​ភ្នំ​ត្រូវ​ហាមប្រាម​ឡាន​ដឹកទំនិញ​ធុន​ធំ​ដាច់ខាត​ដោយ​មិន​ឲ្យ​បើកបរ​ឆ្លងកាត់​ដឹក​កសិផល លើផ្លូវ​នេះ​ទៀត​ទេ​។

​ជាមួយគ្នានេះ​ក៏ត្រូវ​មាន​វិធានការ​រដ្ឋបាល និង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​មានការ​សាងសង់​សំណង់​ឬ​លំនៅដ្ឋាន​ថ្មីៗ​ខុសច្បាប់ នៅតាម​មាត់​ស្ទឹង​ដែល​កំពុង​កើតមាន​នៅក្នុង​ដែន​សមត្ថកិច្ច​ដែល​ខ្លួន​ទទួលខុសត្រូវ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close