ILO បន្ត​គាំទ្រ​ក្រសួងទេសចរណ៍ លើ​ការបណ្តុះបណ្តាល​អ្នកជំនាញ​ទេសចរណ៍ ក្នុង​ខេត្ត​ចំនួន​៣

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​គម្រោង ហូ​កា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានអនុញ្ញាត​ឲ្យ​លោក Yutong Liu នាយក​គម្រោង និង​ជា​អ្នកសម្របសម្រួល​គម្រោង​ភាពជា​ដៃគូរ ILO-China ជួប​សម្តែង​ការគួរ​ស​ម្យ និង​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​លើ​ការជំរុញ​កសាង​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ សំដៅ​ចូលរួមចំណែក​លើកកម្ពស់​ជំនាញ ស្តារ​ជំនាញ​វិជ្ជាជីវៈ​ឡើងវិញ​ក្រោយ​វិបត្តិ និង​លើកកម្ពស់​គុណភាព​សេវាកម្ម​ក្នុង​ខេត្ត​គោលដៅ​ខាងលើ​ផងដែរ​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បា​ន​ថ្លែង​​អំណរគុណ​ដល់​អង្គកា​រ​អន្តរជាតិ​ខាង​ការងារ (ILO) ដែល​បាន​គាំទ្រ​ដល់​ក្រសួងទេសចរណ៍​តាមរយៈ​គណៈកម្មការ​គ្រប់គ្រង​គម្រោង ហូ​កា ដើម្បី​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍​ជាពិសេស​បុគ្គលិក​កំពុង​បម្រើ​ការងារ​បច្ចុប្បន្ន ដែល​កន្លងមក​អង្គការ ILO បាន​គាំទ្រ​ការបណ្តុះបណ្តាល​គ្រូ​បង្គោល​បាន​ចំនួន ២៤​រូប និង​អ្នកជំនាញ​ចំនួន ៣១​រូប​លើ​ជំនាញ​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ និង​ការបណ្តុះបណ្តាល​បន្ត​ខាងក្នុង​មូលដ្ឋាន​អាជីវកម្ម​ទេសចរ​ណ៍ដ​ល់​អ្នកជំនាញ​ច្រើនជាង ២០០​រូប​។

​ឯកឧត្តម​បន្តទៀតថា ការគាំទ្រ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) នឹង​ផ្តល់​ការបណ្តុះបណ្តាល​គ្រូ​បង្គោល​ចំនួន ១២៥​រូប និង​អ្នកជំនាញ​ចំនួន ១៥០​រូប លើ​ជំនាញ​សេវាកម្ម​ម្ហូបអាហារ​និង​ភេ​ជ្ជៈ ការិយាល័យ​ជួរមុខ និង​គេហកិច្ច ដែល​ការបណ្តុះបណ្តាល​នេះ​នឹង​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​របស់​ក្រសួងទេសចរណ៍​ក្នុងការ​ពង្រឹង​ការអភិវឌ្ឍន៍​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ក្នុង​បរិបទ​ថ្មី ដោយ​ផ្តោ​សំខាន់​លើ​អភិក្រម​ចំនួន ៣​គឺ​៖ ស្តារឡើងវិញ (Recover) បណ្តុះបណ្តាល​បន្ថែម (Retrain) និង​ថែរក្សា​បុគ្គលិក (Retain)​។​

​លោក Yutong Liu នាយក​គម្រោង និង​ជា​អ្នកសម្របសម្រួល​គម្រោង​ភាពជា​ដៃគូរ ILO-China បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងទេសចរណ៍ ដែល​សម្រេចបាន​ជោគជ័យ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វិដ​-១៩ និង​បាន​ប្រើ​ប្រទេស​ឡើងវិញ​ទាំងស្រុង​ដែល​នាំ​ដល់​កំណើន​អ្នកធ្វើដំណើរ និង​ទេសចរ ឡើងដល់​ប្រមាណ​ជាង ៣០០%​នៅ​ឆមាស​ទី​១​ឆ្នាំ​២០២២​។

លោក​បាន​បន្តទៀតថា អង្គការ ILO នឹង​បន្ត​គាំទ្រ​ដល់​ក្រសួងទេសចរណ៍ តាមរយៈ​គណៈកម្មការ​គ្រប់គ្រង​គម្រោង ហូ​កា ដើម្បី​ជំរុញ​ការបណ្តុះបណ្តាល​បន្ថែ​ដល់​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ និង​ពិនិត្យ​លទ្ធភាព​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​ការភ្ជាប់​ទំនាក់ទំនងរ​វាង​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​នៅ​កម្ពុជា ជាមួយ​សាលា​បណ្តុះបណ្តាល​បណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​នៅ​ប្រទេស​ចិន​ផងដែរ​។

​លោក​បានស្នើ​ឲ្យ​គណៈកម្មការ​គ្រប់គ្រង​គ​ម្រោ​ង ហូ​កា ដើ​ម្ប​ពិនិត្យ​លទ្ធភាព​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ធ្វើ​ម្ហូប​បែប​ចិន​ដល់​ចុងភៅ​វ័យក្មេង​កម្ពុជា ដោយ​អង្គការ ILO នឹង​បញ្ជូន​អ្នកជំនាញ​ចុងភៅ​ម្ហូប​ចិន​មក​ធ្វើការ​បណ្តុះបណ្តាល​នៅ​កម្ពុជា ឬ​បញ្ជូន​ចុងភៅ​វ័យក្មេង​កម្ពុជា​ទៅ​ហ្វឹកហាត់​ការងារ​នៅ​ប្រទេស​ចិន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close