ក្រុមហ៊ុនចំនួន ២ទៀត បោះទុនជិត ៧លានដុល្លារ គ្រោងបើកដំណើរការរោងចក្រកាត់ដេរសម្លៀកបំពាក់
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តឲ្យគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ២ក្រុមហ៊ុន បើកដំណើរការក្នុងទំហំទឹកប្រាក់សរុបជិត ៧លានដុល្លារ។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១. XIN MEI DA (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ B ផ្លូវចោមចៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៩៧កន្លែង។
២. W.L WEI LIAN GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២២០កន្លែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។