សម្ដេច​តេ​ជោ ហ៊ុន សែន អនុញ្ញាតឱ្យ​រដ្ឋមន្ត្រីការបរទេស​បង់​ក្លា​ដែ​ស ចូលជួប​សម្ដែង​ការគួរ និង​ពិភាក្សា​ការងារ

​នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​សុក្រ ២​រោច ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញាតិ​ឱ្យ​ឯកឧត្ដម បណ្ឌិត អេ ខេ អាប់​ឌុល ម៉ូ​មិន (A.K. Abdul Momen) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែ​ស ចូលជួប​សម្ដែង​ការគួរ និង​ពិភាក្សា​ការងារ ក្នុងឱកាស​ដែល​ឯកឧត្ដម រដ្ឋមន្ត្រីការបរទេស​បង់​ក្លា​ដែ​ស ដឹកនាំ​គណៈប្រតិភូ មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល ៣​ថ្ងៃ ។​

​ឯកឧត្តម អេ ខេ អាប់​ឌុល ម៉ូ​មិន បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​អំពី​ស្ថានភាព និង​គោលបំណង​របស់​រដ្ឋាភិបាល​បង់​ក្លា​ដេ​ស ពាក់ព័ន្ធ​នឹង​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ដែល​កំពុង​ជ្រកកោន​នៅ​ប្រទេស​បង់​ក្លា​ដេ​ស និង​បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ផងដែរ អំពី​ស្ថានភាព​សេដ្ឋកិច្ច​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម អេ ខេ អាប់​ឌុល ម៉ូ​មិន បាន​ជម្រាបជូន​សម្ដេច​តេ​ជោ នូវ​គោលបំណង​ចង់​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​កម្ពុជា ជាពិសេស វិស័យ​ពាណិជ្ជកម្ម ដើម្បី​រក្សា​សន្តិសុខ​ស្បៀង នៅ​គ្រា​ដែល​ពិភពលោក កំពុង​ប្រឈម​នឹង​បញ្ហា​ស្បៀង​ឡើងថ្លៃ​។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម អេ ខេ អាប់​ឌុល ម៉ូ​មិន ចំពោះ​របាយការណ៍​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​កូ​វីដ​-១៩​។ សម្តេច​តេ​ជោ បាន​សម្ដែង​ការអបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​របស់​រដ្ឋាភិបាល​បង់​ក្លា​ដេ​ស ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។​

​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជាពិសេស លើ​វិស័យ​ពាណិជ្ជកម្ម សម្តេច​តេ​ជោ បានស្នើ​ឲ្យ​ឯកឧត្តម លើកទឹកចិត្ត​ឲ្យ​អ្នកវិនិយោគ​បង់​ក្លា​ដេ​ស មក​វិនិយោគ​នៅ​កម្ពុជា ជាឃ្លាំង​ម៉ាស៊ីនកិនស្រូវ និង​ទិញស្រូវ​ផ្ទាល់​ពី​ប្រជាកសិករ សម្រាប់​ស្តុក​ទុក សម្រាប់​កិន និង​សម្រាប់​នាំ​ចេញទៅ​ប្រទេស​បង់​ក្លា​ដេ​ស​ផ្ទាល់​តែម្ដង ឬ​អាច​រៀបចំ​សហការ​ជាមួយ​ប្រជាកសិករ​កម្ពុជា ជា​ធ្វើ​កសិកម្ម​តាមបែប​កិច្ចសន្យា​ក៏បាន ៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close