សភាស្រីលង្កា យល់ព្រមឲ្យលោកប្រធានាធិបតី ចុះចេញហើយ!
កូឡុំបូ៖ លិខិតលាឈប់ពីតំណែងជាប្រធានាធិបតីស្រីលង្ការបស់លោក Gotabaya Rajapaksa ត្រូវបានទទួលយល់ព្រមហើយ នេះបើតាមប្រធានសភាប្រទេសដែលកំពុងមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រកាសឲ្យដឹង នាថ្ងៃទី១៥ កក្កដា ២០២២នេះ។
លោក Mahinda Yapa Abeywardana ប្រធានសភាស្រីលង្កាបានប្រាប់ក្រុមអ្នកសារព័ត៌មានថា «លោក Gotabaya ចុះចេញដោយស្របច្បាប់ហើយ ដោយមានសុពុលភាព ចាប់ពីថ្ងៃទី១៥ កក្កដា នេះ … ខ្ញុំបានទទួលឯកភាពលើលិខិតលាឈប់ហើយ»។
តាមរដ្ឋធម្មនុញ្ញ លោក នាយករដ្ឋមន្ត្រី Ranil Wickremesinghe ដែលក៏ជាអ្នកត្រូវបានក្រុមបាតុករទាមទារឲ្យចុះចេញដែរនោះ នឹងក្លាយជាប្រធានាធិបតីស្តីទី រហូរដល់សភាបោះឆ្នោតរើសអ្នកថ្មី ជំនួសតំណែងរបស់លោក Rajapaksa សម្រាប់អាណត្តិ នៅសេសសល់។ សភានឹងកោះប្រជុំ នាថ្ងៃសៅរ៍ ដោយសង្ឃឹមថា នឹងបញ្ចប់ដំណើរការបោះឆ្នោត ជ្រើសរើសសមាជិកសភាណាម្នាក់ មកធ្វើជាប្រធានាធិបតី ក្នុងពេល ៧ថ្ងៃ។
គួររម្លឹកថា លោក Gotabaya បានចាកចេញប្រទេសស្រីលង្កា កាលពីថ្ងៃពុធ ទៅកាន់ប្រទេសម៉ាល់ដៀវ មុនទៅពេលដល់ប្រទេសសិង្ហបុរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។