ខេត្តប្រវត្តិសាស្ត្រត្បូងឃ្មុំ នឹងក្លាយជាខេត្តអស់មីនដំបូង ក្រោមការគាំទ្រពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”
ត្បូងឃ្មុំ៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាគណៈអធិបតីជាមួយ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយកម្លាំងបោសសម្អាតមីននៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) និងបេីកការដ្ឋានបោសសម្អាតមីននៅខេត្តត្បូងឃ្មុំ។
ខេត្តប្រវត្តិសាស្ត្រត្បូងឃ្មុំ នឹងក្លាយជាខេត្តអស់មីនដំបូង ក្រោមការគាំទ្រពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ខេត្តត្បូងឃ្មុំ ជាខេត្តប្រវត្តិសាស្ត្រ ដែលសម្តេចតេជោ បានសម្រេចចិត្ត និងពលីសាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រទេសជាតិ និងសង្គ្រោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍កាលពីឆ្នាំ១៩៧៧ ហើយខេត្តត្បូងឃ្ម ក៏ជាខេត្តមួយដែលរងផលប៉ះពាល់ច្រើនដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
អាជ្ញាធរមីន បានចាត់ទុកខេត្តត្បូងឃ្មុំ ជាខេត្តអាទិភាពក្នុងការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីប្រកាសជាខេត្តអស់មីន ក្រោមអធិបតីភាពរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ក្នុងរយៈពេល ៦ ខែ ខាងមុខនេះ។
ក្នុងឱកាសនោះ ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានស្នើសុំឲ្យកងកម្លាំងរក្សាសន្តិភាព NPMEC ត្រូវបោសសម្អាត និងកំទេចគ្រាប់មីនឲ្យអស់ចេញពីទឹកដីដែលពោរពេញដោយប្រវត្តិសាស្ត្រនេះ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកងកម្លាំងរក្សាសន្តិភាព NPMEC ដែលបាននាំមកនូវកិត្តិយសជូនជាតិមាតុភូមិ និងនាំយកទង់ជាតិកម្ពុជានៅឆាកអន្តរជាតិ ជាពិសេសចូលរួមផ្តល់នូវសុខសុវត្ថិភាព ផ្តល់សេចក្តីសុខ និងផ្តល់សុខដុមរមនាដល់ប្រទេសនិងប្រជាជនទាំងឡាយណា ដែលធ្លាប់រងគ្រោះដោយសារសង្គ្រាមដូចកម្ពុជា និងដល់ប្រទេសណាដែលមានតម្រូវការ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា ក្រោមចលនាជាតិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រជាជនគ្រប់ទិសទី បានគាំទ្រ និងចូលរួមយ៉ាងផុសផុលបរិច្ចាគវិភាគទានផ្ទាល់ខ្លួន ក្នុងការចូលរួមដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា និងឆ្ពោះទៅកម្ពុជាសូន្យមីននៅឆ្នាំ២០២៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។