ក្រសួងអប់រំទទួលស្គាល់សញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់ទី ១២ របស់សាលា ICS មានតម្លៃសមមូលនឹងសញ្ញាបត្របាក់ឌុប

(ភ្នំពេញ) ៖ ក្រសួងអប់រំ​យុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានសម្រេចឱ្យ​សាលា​អន្តរជាតិ អាយ ស៊ី អេស អាច​ចេញ​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​ថ្នាក់ទី១២ ដែលមាន​តម្លៃ​សមមូល​នឹង​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ​ដែល​ចេញ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា។

តាមប្រការ២ នៃប្រកាសនោះ សាលា​អន្តរជាតិ អាយ ស៊ី អេស ត្រូវ​រៀបចំបញ្ជីឈ្មោះ​សិស្ស​ដែល​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ​នៅ​ក្នុង​កម្មវិធី​ប្រឡង​បញ្ចប់ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ពិន្ទុ​លទ្ធផល​សិក្សា​របស់សិស្ស ដើម្បីដាក់ជូន​ថ្នាក់ដឹកនាំ​ក្រសួងអប់រំ យុវជន និង​កីឡា ពិនិត្យ និង​ផ្តល់​ការ​ឯកភាព​មុន​នឹង​ចេញ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន ឬ បោះពុម្ព​សញ្ញាបត្រ​ជូន​ដល់​សិស្ស​ដែល​បាន​ប្រឡង​ជាប់ជា​ស្ថាពរ។

យ៉ាងណាក៏ដោយ ក្រសួងអប់រំ​បាន​បញ្ជាក់ថា ក្រសួងមានសិទ្ធិ​ដក​ហូត ឬ​បដិសេធសញ្ញាបត្រ​ថ្នាក់ទី១២ ដែលចេញ​ដោយ សាលា​អន្តរជាតិ អាយ ស៊ី អេស ក្នុងករណីត្រួតពិនិត្យ​រកឃើញ​មាន​ភាព​មិន​ត្រឹម​ត្រូវ​ក្នុង​ដំណើរ​ការ​សិក្សា ឬ​មាន​ភាព​មិន​ត្រឹម​ត្រូវ​ក្នុង​ការ​សម្រេច​ផ្តល់​សញ្ញាបត្រ​ដល់អ្នក​សិក្សា។

ជាមួយ​គ្នានេះ ក្រសួងអប់រំ យុវជន និង​កីឡា ក៏​នឹង​បង្កើត​គណៈកម្មការ​ដែល​មាន​សមាសភាព​មក​ពី​នាយកដ្ឋាន​ធានា​គុណភាពអប់រំ នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះទូទៅ និង​នាយកដ្ឋាន​ជំនាញ​ពាក់ព័ន្ធ​ដើម្បីត្រួតពិនិត្យ​តាមដាន​ជា​ប្រចាំ​លើ​កម្មវិធី​សិក្សា និង​ដំណើរ​ការ​សិក្សា របស់ សាលា​អន្តរជាតិ​ អាយ ស៊ី អេស ស្រប​តាម​ស្តង់ដារ​សម្រាប់​វាយ​តម្លៃ​លើ​កម្មវិធីសិក្សា និង​ដំណើរ​ការ​របស់​គ្រឹះស្ថាន​សិក្សា​ឯកជន ដែល​បណ្តុះបណ្តាល​កម្មវិធី​សិក្សា​អន្តរជាតិ ហើយ​ស្តង់ដារនេះ ត្រូវ​រៀបចំ​ទាប​បំផុត​ឱ្យ​ស្មើ​នឹង​កម្មវិធីសិក្សា​របស់ក្រសួងអប់រំ យុវជន និងកីឡា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close