ខេត្តកំពង់ស្ពឺ មានមជ្ឈមណ្ឌលអប់រំក្រៅប្រព័ន្ធសិក្សាស្រាវជ្រាវលើផ្នែកអេឡិចត្រូនិកយានយន្តលេីកដំបូង ដែលជាជំនួយសាធារណរដ្ឋកូរ៉េ

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា លោក ហង់ ជួនណារ៉ុន បានលេីកឡេីងថា លោកពិតជាមានមោទនៈភាពយ៉ាងខ្លាំងចំពោះសិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រនៅក្នុងវិទ្យាល័យ ហ៊ុន សែន ចំបក់សម្រាប់ឱកាសទទួលបានមជ្ឈមណ្ឌលអប់រំក្រៅប្រព័ន្ធសិក្សាស្រាវជ្រាវ លើផ្នែកអេឡិចត្រូនិកយានយន្ត ដែលបង្កើត និងឧបត្ថម្ភឡើងក្រោមជំនួយគាំទ្ររបស់ដៃគូឡៃអិនក្លឹប(LION CLUB)នៃសាធារណរដ្ឋកូរ៉េ។

លោក ហង់ ជួនណារ៉ុន បានលេីកឡេីងដូចនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ក្នុងវិទ្យាល័យ ហ៊ុន សែន ចំបក់ ស្ថិតក្នុងឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។ លោក បានចាត់ទុកមជ្ឈមណ្ឌលនេះ ពិតជាមានប្រយោជន៍សម្រាប់សិស្សានុសិស្ស និងប្រជាពលរដ្ឋគ្រប់រូប បានសិក្សាស្រាវជ្រាវ និងទទួលបាននូវចំណេះជំនាញបច្ចេកទេស ដើម្បីមានឱកាសរកប្រាក់ចំណូលបង្កើនជីវភាពក្នុងគ្រួសារបានមួយកម្រិតទៀត។

ខេត្តកំពង់ស្ពឺជាខេត្តមួយដែលពីមុនជាតំបន់ប្រទាញប្រទង់គ្នាដោយចុងអាវុធ ជាសមរភូមិក្តៅ អសន្តិសុខ និងពោរពេញដោយគ្រាប់មីននៅពាស់ពេញដី។ ប៉ុន្តែបចច្ចុប្បន្នតំបន់ បានក្លាយជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងកសិ-ឧស្សាហកម្ម ហើយអនាគតខេត្តនេះក៏នឹងប្រែក្លាយជាតំបន់ពាណិជ្ជកម្មផងដែរ។

ទន្ទឹមនឹងការរីកចម្រើនគួរឱ្យកត់សម្គាល់នេះ សាលារៀនដែលថ្នាលបណ្តុះនូវចំណេះដឹងធនធានមនុស្សក៏ត្រូវបានរីកដុះដាលឡើងតាំងពីថ្នាក់បឋមរហូតដល់មហាវិទ្យាល័យពីទីជនបទរហូតដល់ទីប្រជុំជន។ ការរីកដុះដាលនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈក្រៅប្រពន្ធ័ក៏ ត្រូវបានបង្កើតឡើងទន្ទឹមគ្នានេះដែរ ដែលធ្វើឱ្យសិស្សានុសិស្សនិងប្រជាពលរដ្ឋនៃខេត្តកំសត់នេះបែរជាមានសំណាងលើសគេទៅវិញ មានឱកាសទទួលបានការបណ្តុះបណ្តាលភាសាកូរ៉េ អង់គ្លេស បច្ចេកទេសជួសជុលរថយន្ត និងបរិក្ខាអេឡិចត្រូនិក ពិសេសនៅពេលបញ្ចប់ការសិក្សាអាចមានឱកាសធ្វើការជាមួយក្រុមហ៊ុនកូរ៉េនៅក្នុងស្រុក ឬក៏អាចចេញមានឱកាសចេញទៅធ្វើការនៅប្រទេសកូរ៉េតែម្តង។

លោក ហង់ ជួនណារ៉ុន ក៏បានណែនាំដល់ សិស្សានុសិស្សត្រូវ ខិតខំសិក្សារៀនសូត្រ និងប្រឹងប្រែងស្រាវជ្រាវដើម្បីទទួលបានជំនាញមួយច្បាស់លាស់សម្រាប់កសាងអនាគតខ្លួនឯង អនាគតគ្រួសារ និងសង្គមជាតិឱ្យសមដូចពាក្យស្លោកថា យុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចដើម្បីខ្លួនឯង គ្រួសារ និងសង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close