សមត្ថកិច្ចខំបង្ក្រាបរថយន្តខ្នាតយក្សដឹកឈើខុសច្បាប់ តែប្រធានមន្ទីរចេញអន្តរាគមន៍ឱ្យដោះលែងវិញ
(រតនគិរី) ៖ សមត្ថកិច្ច ស្រុកកូនមុំ ខេត្តរតនគិរី បានឃាត់រថយន្តខ្នាតយក្សមួយគ្រឿង ដែលដឹកឈើប្រភេទលេខ១ និងលេខ២ ដោយគ្មានច្បាប់អនុញ្ញាតពីមន្ត្រីជំនាញ។ ការបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចវាលឆ្កែហត់ ភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តខ្នាតយក្សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3B-8636 ដឹកជញ្ជូនឈើចេញមកពី ឃុំស្រែគរ ខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ស្រុកកូនមុំ ខេត្តរតនគិរី លុះមកដល់កន្លែងកើតហេតុត្រូវបានមន្ត្រីជំនាញឃាត់ ក៏បានរកឃើញឈើប្រភេទលេខ១ និងលេខ២ ពេញឡានដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរឡើយ។
ប្រភពបន្តទៀតថា នេះមិនមែនជាលើកទី១ឡើយ ដែលក្រុមឈ្មួញអាចនឹងលួចដឹកឈើលោតឆត្រ័បែបនេះ គឺជាច្រើនលើកមកហើយ ទម្រាំបែកធ្លាយព័ត៌មានដល់សមត្ថកិច្ច។ ប្រភពបន្តថា ក្រុមឈ្មួញឈើទាំងនោះពិតជាថ្លើមធំមែន ហ៊ានយករថយន្តប្រភេទខ្នាតធំមកដឹកឈើទាំងដែលគ្មានច្បាប់អនុញ្ញត។
ប្រភពពីសមត្ថកិច្ចស្រុកកូនមុំ បានឱ្យដឹងថា ពួកគាត់ទទួលបានព័ត៌មាននេះ ២ទៅ៣ថ្ងៃមកហើយ ទើបដាក់កម្លាំង ពួនស្ទាក់ទាំងយប់ទាំងថ្ងៃរហូតដល់ថៃ្ងទី១៨ ខែកក្កដា ឆ្នាំ២០២២វេលាម៉ោងជិត៨ព្រឹក ទើបស្ទាក់ចាប់បានរថយន្តខ្នាតយក្សដែលក្រុមឈ្មួញឈើដឹកជញ្ជូនឈើដោយខុសច្បាប់។
តែអ្វីដែលហួសចិត្តនោះ ក្រុមប្រជាពលរដ្ឋថា ការបង្ក្រាបនេះគ្រាន់តែល្អមើលតែប៉ុណ្ណោះ ពោលគឺគ្រាន់តែបញ្ជូនរថយន្តមកដល់ខណ្ឋរដ្ឋបាលព្រៃឈើមិនទាន់បានមួយថ្ងៃផង ស្រាប់តែមានមន្រ្តីនៅក្នុងខេត្តឋាន:ជា ប្រធានមន្ទីររមកអន្តរាគមន៍ថា ឈើនេះជារបស់អ្នកមានអំណាចនៅក្នុងខេត្ត ហើយក៏ត្រូវបានដោះលែងវិញទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។