ក្រសួងកសិកម្មត្រៀមពូជស្រូវជាង២ពាន់តោន និងពូជបន្លែជាង៥០ សម្រាប់ឆ្លើយតបនឹងគ្រោះធម្មជាតិក្នុងរដូវរស្សានេះ

(ភ្នំពេញ) ៖ ថ្លែងក្នុងសន្នីសិទសារព័ត៌មានរបស់ក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃអង្គារ៍ ទី១៩ ខែកក្កដា អគ្គនាយកកសិកម្ម លោក ងិន ឆាយ បានឱ្យដឹងថា ដើម្បីឆ្លើយតបនឹងគ្រោះធម្មជាតិបំផ្លាញដំណាំពលរដ្ឋអជ្ញាធរមូលដ្ឋាន រួមជាមួយមន្ទីរកសិកម្មខេត្តត្រូវធ្វើការវាយតម្លៃការខូចខាត ស្រង់បញ្ជីឈ្មោះពលរដ្ឋដែលរងផលប៉ះពាល់ ហើយគណៈកម្មាការគ្រោះមហន្តរាយថ្នាក់ខេត្ត និងធ្វើសំណើរទៅលេខាធិការដ្ឋានប្រព័ន្ធស្បៀងបំរុងកម្ពុជាដើម្បីពិនិត្យនឹងសម្រេច។

«ខ្ញុំក៏សុំអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅខេត្តប្រសិនជាមានបញ្ហាគ្រោះធម្មជាតិកើតឡើង សូមមេត្តារួសរាន់វាយតម្លៃនឹងធ្វើសំណើរឱ្យបានលឿនដើម្បីជៀសវាងនូវការយឺតយ៉ាវផ្ដល់គ្រាប់ពូជត្រលប់ទៅវិញ»

លោកក៏បានឱ្យដឹងដែរថា រដ្ឋក៏បានត្រៀមអន្តរាគមន៍ក្នុងពេលដែលផ្ទុះឡើងនៅសមាភាពចង្រៃរួមទាំងសត្វនិងជំងឺកសិកម្ម ផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសឱ្យចំទិសដៅ និងចុះធ្វើការជាមួយសហគមន៍កសិកម្មនិងប្រជាកសិកម្មដើម្បីផ្សារភ្ជាប់ជាមួយវិស័យឯកជនផងដែរ។

វិស័យកសិកម្មកម្ពុជាទទួលបានកំណើនថយចុះក្នុងឆ្នាំ២០១៩ តែទោះជាយ៉ាងណាវិស័យនេះបានរីកចម្រើនឡើងវិញក្នុងឆ្នាំ២០២០ និងបានបន្តកើនឡើង ១,១% នៅឆ្នាំ២០២១ កន្លងទៅដែលបានរួមចំណែកប្រមាណ ២៤,៤% នៃ GDP សរុបរបស់ប្រទេសដែលមានតម្លៃជាង ៦ពាន់លានដុល្លារអាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close