មនុស្ស ១៥ពាន់នាក់ បានស្លាប់ដោយសារប្រើប្រាស់ថ្នាំជក់ ជារៀងរាល់ឆ្នាំ
ខេត្តសៀមរាប៖ នៅសាលប្រជុំសាលាខេត្តសៀមរាប អនុគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ខេត្ត បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល ក្រោមកិច្ចដឹកនាំរបស់ លោក ពិន ប្រាកដ អភិបាលរងខេត្ត និង ជាប្រធានអនុគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ខេត្ត ដោយមានការអញ្ជើញចូលរួមនៃអនុគណៈកម្មាធិការ និង អង្គការដៃគូរ កាលព្រឹកថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០២២ ។ កិច្ចប្រជុំក៏ជាការជូនដំណឹងដល់អនុគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ខេត្តសៀមរាប នូវទង្វើល្មើសទៅនឹងច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និង គតិយុត្តពាក់ព័ន្ធ និង ស្វែងរកយន្តការប្រកបដោយប្រសិទ្ធភាព និង ឆ្លើយតបទៅបទល្មើសទាំងនេះ ។
លោក ពិន ប្រាកដ បានគូសបញ្ជាក់ថា ក្នុងមួយៗឆ្នាំនៅលើពិភពលោក មានអ្នករងគ្រោះស្លាប់ដោយសាថ្នាំជក់ ប្រមាណ១៥០០០នាក់រៀងរាល់ឆ្នាំ ដោយសារតែការប្រើប្រាស់ថ្នាំជក់ បន្ថែមពីលើនេះ ការប្រើប្រាស់ថ្នាំជក់បានធ្វើឲ្យខាតបង់ថវិកាជាច្រើននិងបាត់បង់ចំណូលក្នុងគ្រួសារទៀតផង កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួន ទាក់ទងនឹងការត្រួតពិនិត្យផលិតផលថ្នាំជក់នេះផងដែរ ។
លោកបានបន្តទៀតថា ក្នុងស្ថានភាពជាក់ស្ដែង យើងពិនិត្យឃើញថា ការអនុវត្តមានភាពខ្វះចន្លោះ និងជួបប្រទះនូវបញ្ហាជាច្រើន ដូចជាមានជនឆ្លៀតឱកាសផ្សព្វផ្សាយ និងដាក់តាំងលក់ផលិតផលថ្នាំជក់ដោយពុំបានគោរពតាមច្បាប់ជាធរមាន ហើយទោះជានៅក្នុងបរិបទកូវីដ-១៩ ដែលយើងជួបប្រទះកន្លងមក ឃើញថា គឺមានការប្រើប្រាស់ ផ្សព្វផ្សាយ ផលិត និងជក់ ដែលអាចបង្កឱកាសជាច្រើនដល់ការឆ្លងកូវីដ-១៩ ដោយអ្នកជក់ ដោះម៉ាស់ចេញ ដើម្បីជក់បារី ប៉ុន្តែក្រុមហ៊ុនថ្នាំជក់មិនបានកាត់បន្ថយការលក់បារីឡើយ ។ ផ្ទុយទៅវិញ បច្ចុប្បន្នក្រុមហ៊ុនថ្នាំជក់បានដាក់ចេញនូវយុទ្ធសាស្ត្រលក់ថ្មីៗសំបូរបែប ដើម្បីទាក់ទាញឲ្យមានអ្នកជក់បារី ដូចជាការទិញកញ្ចប់បារីពីអ្នកជក់វិញជាដើម ។
ជាងនេះទៅទៀត យើងឃើញថាក្រុមហ៊ុនបារីមួយចំនួនបានបង្កើនសកម្មភាពលើកតម្កើងមុខមាត់របស់ខ្លួន តាមរយៈកម្មវិធីសម្បុរសធម៌ ជួយសង្គមក្នុងពេលមានវិបត្តិ ។
លោក ពិន ប្រាកដ បានបន្ថែមថា ក្រៅពីបញ្ហាដែលបានលើកឡើងខាងលើនេះ លោក សុំឲ្យសមាជិក សមាជិកា នៃអង្គប្រជុំទាំងអស់ ចាប់អារម្មណ៍ទៅលើបញ្ហាបារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី ដែលជាផលិតផលថ្នាំជក់ប្រភេទថ្មីដ៏មានគ្រោះថ្នាក់ ហើយកម្ពុជាយើងបានហាមឃាត់ ហើយមួយរយៈក្រោយមកនេះ វាត្រូវបានចែកចាយ និងប្រើប្រាស់ក្នុងចំណោមយុវជនគួរឲ្យបារម្ភ មិនថានៅតាមទីសាធារណៈ ឬដោយលួចលាក់ ។
បញ្ហាដែលចង់ឲ្យសមាជិកអង្គប្រជុំទាំងអស់ចូលរួមពិភាក្សាឲ្យបានផុសផុលឡើង ថាតើយើងគួរមានវិធានការយ៉ាងណាខ្លះដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាព ។ លោកអភិបាលរងខេត្ត សង្ឃឹមថា ការខិតខំប្រឹងប្រែងរបស់យើង នឹងទទួលបានផ្លែផ្កា ជាទីពេញចិត្ត! គឺសង្គមជាតិមួយដែលមាន បរិស្ថានល្អ មានសុខភាពល្អ សម្រាប់យើង និងកូនចៅ គ្រប់ៗគ្នា ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។