អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្ដើម​ជួសជុល​សាលាឆាន់​បុរាណ នៅ​វត្ត​រាជ​បូ​ណ៌​

​សាលាឆាន់​បុរាណ (​ផ្នែក​តួ​អគារ​) នៅ​វត្ត​រាជ​បូ​ណ៌​ក្នុង​ទី​រួម​ខេត្តសៀមរាប បានទទួល​ការជួសជុល​ដំណាក់​ទី​២ ក្រោម​ការជួយជ្រោមជ្រែង​ផ្នែក​បច្ចេកទេស និង​ឧបត្ថម្ភ​ជា​ថវិកា​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ការជួសជុល​ដំណាក់កាល​ទី​២​នេះ គឺ​ផ្តោតលើ​ការជួសជុល​ផ្នែក​តួ​អគារ រួមមាន ជួសជុល​ជញ្ជាំង កាំជណ្តើរ ក្បាច់​តាម​ខឿន​ជើង​ជញ្ជាំង និង​សម្អាត​ការ៉ូ​បាត សសរ ពិ​ដាន​។​ល​។ សាលាឆាន់​នេះ មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ពុកផុយ និង​ខ្លះ​បាន​ធ្លា​ក់បាក់​។ អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួសជុល​ពង្រឹង​ផ្នែក​ដែល​ពុកផុយ ធ្លុះ​ឆ្លា​យ​ឡើងវិញ និង​ដោយមាន​ការកែលម្អ​នៅ​កន្លែង​ជាច្រើន​។​

​អាជ្ញាធរ​ជាតិ​អប្សរា បានចាប់ផ្តើម​គម្រោង​អភិរក្ស និង​ជួសជុល​សាលាឆាន់ (​ផ្នែក​តួ​អគារ​) វត្ត​រាជ​បូ​ណ៌​ដំណាក់កាល​ទី​២ ដោយ​ចាប់ផ្តើម​តាំងពីដើម​ខែកក្កដា ឆ្នាំ​២០២២ ហើយ​គ្រោង​នឹង​បញ្ចប់​ចុងខែ​តុលា ឆ្នាំ​២០២២​ខាងមុខ​។
​ដើម្បី​រួមចំណែក​ថែរក្សា​មរតក​វប្បធម៌​ខ្មែរ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​នេះ​ឱ្យបាន​គង់វង្ស ព្រមទាំង​អភិរក្ស និង​លើក​តម្លៃ​វប្បធម៌​នៃ​សិល្បៈ​របស់​ខ្មែរ​ពី​បុរាណកាល​ដ៏​រស់​រវើក​ឱ្យនៅ​ឋិតថេរ​បន្ត​ទៅមុខទៀត​។​

​សូមបញ្ជាក់ថា ដំណាក់កាល​ទី​១ គឺ​ជួសជុល​ផ្នែក​ដំបូល មានដូចជា គ្រឿង​បង្គំ​ដំបូល ហោជាង ក្បឿង​ស្រកា​រលិញ ក្បាច់​រងស្បូវ ព្រំ​ដំបូល បៃរកា នាគ​ចែង នាគ​ដងក្ដារ ព្រំ​ខ្នង​ដំបូល និង​ជហ្វា​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close