“​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះ​ស៊ី​ហ​នុ សម្រេចបាន​៩៥%​ហើយ គ្រោង​នឹង​បញ្ចប់ និង​ដាក់ឱ្យ​ប្រើប្រាស់ ជា​បណ្ដោះអាសន្ន នៅ​ខែតុលា ដោយ​ឥតគិតថ្លៃ​រយៈពេល​មួយខែ​

​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​ក្រុម​អ្នកបច្ចេកទេស​ក្រសួង​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះ​ស៊ី​ហ​នុ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​នាឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា​៖ គិត​ត្រឹម​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២​នេះ ការសាងសង់​ផ្លូវ​នេះ​សម្រេចបាន​៩៥%​ហើយ​នៅ​សេសសល់​តែ​ការងារ​មួយចំនួន​តូច​តែប៉ុណ្ណោះ​ដូចជា​៖ ការងារ​បញ្ចប់​សំណង់ និង​សម្អាត ការងារ​ដាក់​ផ្លាកសញ្ញា​ចរាចរណ៍ ការងារ​ដាំ​ដើមឈើ​នៅ​ចំណុច​ខ្លះ​សងខាង​ផ្លូវ​គាំទ្រ​ការងារ​បរិស្ថាន និង​ដើម​ផ្កា​នៅ​សួន​ទ្រូងផ្លូវ និង​ការងារ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ជាដើម និង​បាន​បញ្ជាក់ថា​៖ ផ្លូវ​នេះ​គ្រោង​នឹង​បញ្ចប់ និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២២ ហើយ​បងប្អូន​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​ផ្លូវ​នេះ​ដោយ​ឥតគិតថ្លៃ​ក្នុង​រយៈពេល​មួយខែ​។​

​លើសពីនេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្ថែមថា​៖ ក្រសួង​បាន និង​កំពុង​រៀបចំ​ស្ព័ត​ណែនាំ​អំពី​ការប្រើ ប្រាស់​ផ្លូវ​នេះ​ឱ្យមាន​ការយល់ដឹង​ច្បាស់លាស់​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដោយហេតុថា​ផ្លូវ​នេះ​ជា​ផ្លូវ​ល្បឿន លឿន​លើកដំបូង​របស់​កម្ពុជា​យើង​។ ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា​៖ បងប្អូន​ប្រជាពលរដ្ឋ អ្នកប្រើប្រាស់​ផ្លូវ​នេះ​ត្រូវ​បើកបរ​ប្រកាន់​ស្ដាំ​ក្នុងករណី​ខ្លួន​មិន​ចង់​បើក​លឿន ហើយ​មិនអាច​បត់​ត្រឡប់ ក្រោយ​បានទេ លុះត្រាតែ​ធ្វើដំណើរ​ចេញពី​ផ្លូវ​នៅ​ចំណុច​ប្តូរ​ទិស ទើប​អាច​បត់​ត្រឡប់ក្រោយ​វិញ​បាន​។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​លើកឡើងថា​៖ ក្រោយ​ផុត​រយៈពេល​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះ អាសន្ន ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​យក​ថ្លៃ នៃ​ការប្រើប្រាស់​ផ្លូវ​នេះ ដោយ​ក្នុងនោះ​ម្ចាស់​រថយន្ត អាច​ទិញ​កាត​អេឡិចត្រូនិក ETC សម្រាប់​ប្រើប្រាស់​ក្នុងការ​ទូទាត់ ប្រព័ន្ធ​សេន​ស័​រ ដាក់​នៅ​ពីមុខ​រថយន្ត​របស់ខ្លួន​ជួយ​ឱ្យ​ចំណេញ​ពេល​ក្នុងការ​ធ្វើដំណើរ ដោយ​មិនចាំបាច់​ឈប់ ពេល​ដល់​កន្លែង​បញ្ជរ​បង់ប្រាក់ ពេល​ចាកចេញ​នៅ​កន្លែង​ប្ដូរ​ទិស ម៉ាស៊ីន​នៅតាម​បញ្ជរ​បង់ប្រាក់​នឹង​គិត​តម្លៃ​ធ្វើដំណើរ​ដោយ​ស្វ័យប្រវត្តិ​។ ​អ្នកធ្វើដំណើរ​ក​អាច​ទិញ​កាត​អេ​ឡិច​ត្រូ​និ​ច​នោះបាន នៅតាម​ធនាគារ​ដៃគូ​របស់​ក្រុមហ៊ុន​សាងសង់ ។ ក្នុងករណី​គ្មាន​កាត​អេឡិចត្រូនិក ETC បុគ្គលិក​នៅតាម​ច្រកចូល នឹង​ផ្តល់​កាត​មួយ​ឱ្យ​ម្ចាស់​យានយន្ត ពេលធ្វើ​ដំណើរ​ចាកចេញ​ច្រក​ណាមួយ​បុគ្គលិក​នៅតាម​បញ្ជរ​នឹង​យក​កាត​នោះ​ទៅ​ឆូត​តាម​កុំព្យូទ័រ និង​បង្ហាញ​ពី​តម្លៃ​ត្រូវ​ទូទាត់​។

​ទាក់ទង​នឹង​តម្លៃ​ធ្វើដំណើរ​វិញ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា​៖ គិត​ជា​មធ្យម​នៅ​ប្រទេស​គេ ថ្លៃ​ធ្វើដំណើរ​លើផ្លូវ​ល្បឿន​លឿន​ត្រូវ​បានគិត​ចំនួន​១០​សេន​ក្នុង​មួយ​គីឡូម៉ែត្រ​។ ដោយឡែក​នៅ​កម្ពុជា​វិញ ក្នុង​ឆ្នាំ​ទីមួយ​ក្រុមហ៊ុន​នឹង​គិតថ្លៃ​ធ្វើដំណើរ​ទៅតាម​ប្រភេទ​យានយន្ត ក្នុងនោះ​រថយន្ត​គ្រួសារ​នឹងត្រូវ​គិតថ្លៃ ចំនួន​២៤​ដុល្លា​អាមេរិក ក្នុងនោះ​ចំនួន​១២​ដុល្លារ​ទៅ និង​ចំនួន​១២​ដុល្លារ​មក ហើយ​នៅ​ឆ្នាំ​ទី​ពីរ​ក្រុមហ៊ុន​នឹង​ពិនិត្យ​យក​តម្លៃ​ធ្វើដំណើរ​យោងតាម​កិច្ចព្រមព្រៀង​សម្បទាន​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​សាងសង់​។

​ទាក់ទង​នឹង​ការប្រើប្រាស់​ល្បឿន​ធ្វើដំណើរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា​៖ ក្រសួង​កំពុង​ពិចារណា​លើ​បញ្ហា​នេះ ប៉ុន្តែ​តាម​គម្រោង​អាច​បើក​បរបាន​១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយសារ​ផ្លូវ​នេះ​ជា​ផ្លូវ​ល្បឿន​លឿន ប៉ុន្តែ​អ្នកបើកបរ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ឱ្យ​ខ្ពស់ ដោយសារ​ផ្លូវ​នេះ​សភាព​ល្អ មិន​រលាក់ ជិះ​ស្រួល ភ្លេចខ្លួន​អាច​ជិះ​លើស​ល្បឿន​កំណត់​បង្ក​ជា​គ្រោះថ្នាក់​បាន​។ អ្នកបើកបរ​ត្រូវតែ​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ម៉ឺងម៉ាត់​ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​។

​សូម​ជម្រាបជូន​ថា​៖ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ មាន​ប្រវែង​សរុប ១៨៧,០៥​គីឡូម៉ែត្រ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​។ ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់ សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close