ឯកឧត្តម សាយ សំអាល់៖ សម័យតេជោសន្តិភាព គឺជាឱកាសមាសសម្រាប់បងប្អូនខ្មែរអ៉ិស្លាម ប្រតិបត្តិសាសនាយ៉ាងពេញលេញ
«សម័យតេជោសន្តិភាព គឺជាឱកាសមាសសម្រាប់បងប្អូនខ្មែរអ៉ិស្លាមអាចគោរពប្រតិបត្តិសាសនា ជាមួយនឹងសិទ្ធិសេរីភាព បង្ហាញអត្តសញ្ញាណខ្លួនឯងបានយ៉ាងពេញលេញ»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ថ្លែងក្នុងឱកាសពិសាអាហារសាមគ្គីជាមួយបងប្អូនខ្មែរអ៉ិស្លាម នៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ និងបងប្អូនខ្មែរអ៉ិស្លាម ជាច្រើនរូបទៀត។
មានមតិសំណេះសំណាល ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ឱ្យដឹងទៀតថា កម្ពុជាជាប្រទេសពហុវប្បធម៌ ដែលបើកទូលាយ និងផ្តល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងការគោរពប្រតិបត្តិសាសនាដែលខ្លួនពេញចិត្ត។ ជាក់ស្តែង បច្ចុប្បន្ន បងប្អូនខ្មែរអ៉ិស្លាម មិនត្រឹមតែអាចប្រតិបត្តិសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសិទ្ធិពេញលេញក្នុងការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី រៀនភាសា ឬ ការសាងសង់វិហារសាសនារបស់ខ្លួន ដោយគ្មានការរើសអើង និងឃាត់ឃាំងឡើយ។
ឯកឧត្តមបានឱ្យដឹងទៀតថា ទោះបីជាបងប្អូនខ្មែរអ៉ិស្លាម មានសិទ្ធិក្នុងការគោរពជំនឿសាសនា ក៏ដោយ ប៉ុន្តែត្រូវធ្វើយ៉ាងណា ពង្រឹងសមត្ថភាពខ្លួន ដើម្បីជាកោសិកាល្អក្នុងសង្គម ដែលអាចចូលរួមក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ជាតិបន្តរីកចម្រើនទៅមុខទៀត។ ប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ដល់បងប្អូនខ្មែរអ៉ិស្លាម មិនត្រឹមតែមានតួនាទីនៅក្នុងសហគមន៍របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសក្នុងការធ្វើការងារ តួនាទីដឹកនាំទាំងក្នុងក្របខ័ណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណដល់បងប្អូនខ្មែរអ៉ិស្លាមទាំងអស់ ដែលបានទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កន្លងទៅ ដែលនេះបានបង្ហាញពីការអនុវត្តសិទ្ធិជាពលរដ្ឋរបស់បងប្អូនក្នុងការជ្រើសរើសមេដឹកនាំដែលបងប្អូនពេញចិត្ត ស្របតាមដំណើរនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។