សម្ដេច​តេ​ជោ ហ៊ុន សែន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​សាស្ត្រាចារ្យ​សកលវិទ្យា​ធិ​ការ នៃ​សកល​វិទ្យាល័យ Krirk និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​អាស៊ី

​នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​ពុធ ៧​រោច ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២​នេះ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញាតិ​ឱ្យ សាស្ត្រាចារ្យ​បណ្ឌិត Krasae Chanawougse សកលវិទ្យា​ធិ​ការ នៃ​សកល​វិទ្យាល័យ Krirk និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​អាស៊ី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ឯកឧត្តម សាស្ត្រាចារ្យ​បណ្ឌិត Krasae Chanawougse បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា ឯកឧត្តម បានមក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលនេះ គឺមាន​គោលបំណង​៣ ទី​១-​គឺ​គោរព​រាយការណ៍​ជូន​សម្ដេច​តេ​ជោ អំពី​វឌ្ឍនភាព​នៃ​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយ ដែល​មជ្ឈមណ្ឌល​នេះ មកដល់ពេលនេះ បានក្លាយ​ខ្លួន​ទៅជា​មជ្ឈមណ្ឌល​អន្តរជាតិ ។ ទី​២-​គោរព​ជូន​អាហារូបករណ៍​ឈ្មោះ​សម្ដេច​តេ​ជោ​ចំនួន ៤០ ដែល​អាហារូបករណ៍​នោះ មាន​បញ្ចូល​ទាំង​ថ្លៃ​សាលា ថ្លៃ​ស្នាក់នៅ អាហារ ៣​ពេល និង​ប្រាក់ឧបត្ថម្ភ​សម្រាប់​សិស្ស​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ និង​ទី​៣-​គោរព​សុំ​ការអនុញ្ញាត​ជួប​សម្ដេច​តេ​ជោ​សារជាថ្មី​នា​ឆ្នាំក្រោយ​។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការអបអរសាទរ និង​រីករាយ​ដែល​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​អាស៊ី ត្រូវបាន​ក្លាយជា​មជ្ឈមណ្ឌល​អន្តរជាតិ​។ សម្តេច​តេ​ជោ​បានផ្ដល់​ជា​អនុសាសន៍​ថា គប្បី​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​អង្គការ​នេះ មាន​សកម្មភាព​ដោះស្រាយ​ទប់ស្កាត់​គ្រោះមហន្តរាយ​ជាក់លាក់​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម ដែល​បានផ្ដល់​អាហារូបករណ៍​ដាក់ឈ្មោះ​សម្ដេច​តេ​ជោ សម្រាប់​សិស្ស​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ថៃ ។ សម្ដេច​ក៏បាន​សុំ​ឲ្យ​ឯកឧត្ដម បន្ត​ពិភាក្សា​ជាមួយ​ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ជ្រើសរើស​សិស្ស​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ​។​ ​ដោយឡែក​ចំពោះ​ការស្នើសុំ​ជួប​សម្ដេច​តេ​ជោ​សារជាថ្មី​នៅ​ឆ្នាំក្រោយ​នោះ សម្តេច​តេ​ជោ បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ នឹង​ជួប​ឯកឧត្តម​រាល់ពេល ដែល​ឯកឧត្តម​អញ្ជើញ​មក​ព្រះរាជាណាចក្រ​កម្ពុជា ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close