ម៉ាឡេស៊ី រឹបអូសបំណែកភ្លុកដំរី ស្នែងរមាស ស្រកាពង្រូល ដែលជាសត្វកម្រ មានតម្លៃ ១៨លានដុល្លារ
មន្ត្រីគយម៉ាឡេស៊ី បាននិយាយថា ពួកគេទើបបានរឹបអូសបំណែកសត្វកម្រ មានតម្លៃ ១៨ លានដុល្លារអាមេរិក ដែលគិតថា បានមកពីទ្វីបអាហ្វ្រិក រួមទាំងភ្លុកដំរី ស្នែងរមាស និងស្រកាពង្រូល ។
អាជ្ញាធរបានរារាំងការប៉ុនប៉ងរត់ពន្ធ កាលពីពេលថ្មីៗនេះ នៅពេលដែលពួកគេបានរកឃើញទំនិញខុសច្បាប់ នៅកំពង់ផែ ក្លាំង (Klang) នៃក្រុងក្លាំង នាតំបន់ឆ្នេរសមុទ្រភាគខាងលិច របស់ប្រទេសម៉ាឡេស៊ី ដែលលាក់នៅក្នុងកុងតឺន័រមួយ រួមជាមួយឈើ ។
ប្រធានផ្នែកគយម៉ាឡេស៊ី លោក Zazuli Johan បាននិយាយថា ការដឹកជញ្ជូននេះរួមមានភ្លុកដំរីប្រមាណ ៦,០០០ គីឡូក្រាម ដែលជាការរឹបអូសភ្លុកដំរីដ៏ធំបំផុតរបស់ម៉ាឡេស៊ី ក្នុងនោះ ក៏មានស្នែងរមាស ២៩គីឡូក្រាម ស្រកាពង្រូល ១០០គីឡូក្រាម និង លលាដ៍ក្បាលសត្វ ៣០០គីឡូក្រាម និងឆ្អឹងផ្សេងទៀតផងដែរ ។
និយាយអំឡុងសន្និសីទសារព័ត៌មាន នាពេលនោះ លោក Zazuli Johan បញ្ជាក់ទៀតថា ការរឹបអូសនេះ មានតម្លៃប៉ាន់ស្មាន ៨០ លានរីងហ្គីត (១៨ លានដុល្លារអាមេរិក) ដោយបន្ថែមថា វាត្រូវបានគេជឿថា បានមកពីទ្វីបអាហ្វ្រិក ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម ។
លោក Zazuli បាននិយាយថា ម៉ាឡេស៊ីមិនមែនជាគោលដៅចុងក្រោយនៃការដឹកជញ្ជូននោះទេ ប៉ុន្តែមិនបានប្រាប់ថា ការប៉ុនប៉ងនាំបំណែកសត្វកម្រទាំងនោះទៅទីណាទេ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។