រដ្ឋមន្ត្រី​ក្រសួងកសិកម្ម អំពាវនាវ​ដល់​វិស័យ​ឯកជន​ជប៉ុន ធ្វើការ​វិនិយោគ​លើ​ការកែច្នៃ​ឈើ ដើម្បី​នាំចេញ​ផលិតផល​ក្នុងស្រុក ដែល​ជួបប្រទះ​បញ្ហា​កង្វះ​ទីផ្សារ​

​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​ទ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណ​:​ប្រតិភូ​ដែល​អញ្ជើញ​មកពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដឹកនាំ​ដោយ​ឯកឧត្តម MIYAZAKI Masao អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ​ប្រទេស​ជប៉ុន​។

​មានមតិ​ស្វាគមន៍ នៅ​ចំពោះមុខ ឯកឧត្តម MIYAZAKI Masao ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ​ប្រទេស​ជប៉ុន ដែល​បាន​ជួយ​គាំទ្រ និង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​វិស័យ​កសិកម្ម និង​អនុញ្ញាត​ឲ្យ​ផលិតផល​គ្រាប់ស្វាយចន្ទី​នាំចូល​ទីផ្សារ​ជប៉ុន​។ កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​ទាំងពីរ បាន​នឹង​កំពុង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន ធានា​សន្តិសុខ​ស្បៀង បង្កើន​ប្រាក់ចំណូល និង​បង្កើន​បរិមាណ​ផលិត​ប្រកបដោយ​និរន្តរភាព ធានា​គុណភាព សុវត្ថិភាព តាមរយ​:​ការអនុវត្ត​បច្ចេកវិទ្យា​ថ្មីៗ សមស្រប ទំនើប​ទាន់សម័យ​របស់​ជប៉ុន​។

​ឯកឧត្តម​រដ្ឋមន្ត្រី ឆ្លៀត​យក​ឱកាស​នេះ បាន​ជម្រាបជូន​ភ្ញៀវ​អំពី​សក្តានុពល​នៃ​វិស័យ​កសិកម្ម ដំណាំ​សំខាន់ៗ​ដែលមាន​អាទិភាព​សម្រាប់​នាំចេញ និង​អ​ធិ​រេ​ក​ស្បៀង ដោយ​កម្ពុជា​សល់​ស្រូវ ជាង ៦​លាន​តោន​។ អ្វីដែល​សំខាន់​នោះ គឺ​កម្ពុជា​ត្រូវការ​ការកសាង​ខ្សែ​ច្រវាក់​តម្លៃបន្ថែម ហេ​ដ្ឋ​រចនាសម្ព័ន្ធ​គាំទ្រ ការពង្រឹង​លើ​ការផលិត កែច្នៃ​វត្ថុធាតុដើម និង​ការលើកកម្ពស់​សមត្ថភាព​ផលិត គុណភាព ពិសេស​ការកែច្នៃ​គ្រាប់ស្វាយចន្ទី គឺជា​អាទិភាព​ខ្ពស់​ដែល​ក្រសួង​បាននិងកំពុង​សហ ការ​ជាមួយ​ដៃ​គួ​អភិវឌ្ឍ និង​វិស័យ​ឯកជន ពិសេស​អង្គការ JICA ធ្វើយ៉ាងណា​បង្កើន​សមត្ថ​ភាព​កែច្នៃ ឆ្លើយតប​តាម​ស្តង់ដា​ទីផ្សារ​ជប៉ុន​។

​ករណីនេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ជូន ចំពោះ​រាជរដ្ឋាភិបាល​ជប៉ុន តាមរយ​:​អង្គការ JICA ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ធ្វើការ​កែច្នៃ​គ្រាប់ស្វាយចន្ទី ហើយ​បរិមាណ​នាំចេញ​ទៅកាន់​ទីផ្សារ​ជប៉ុន​មានការ​កើនឡើង​ជា​បន្ត បន្ទាប់​។ ក្នុងនាម​ឲ្យ​រាជរដ្ឋាភិបាល ឯកឧត្តម​រដ្ឋមន្ត្រី​បា​នប​ង្ហ​ញ​នូវ​ឆន្ទ​:​គាំទ្រ និង​ផ្តល់​កិច្ចសហការ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​លើ​ចំណុច​សំខាន់ៗ​ទាំង​៥ ដែល​ឯកឧត្តម MIYAZAKI Masao បានលើកឡើង​ខាងលើ​។
​ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹមថា តាមរយ​:​ដំណើរ​ទស្សនកិច្ច​រប​ស់​ឯកឧត្តម MIYAZAKI Masao នៅ​កម្ពុជា​លើក​នេះ នឹងមាន​ក្រុមហ៊ុន​ជប៉ុន​មក​វិនិយោគ​លើ​វិស័យ​កសិកម្ម​បន្ថែមទៀត​នាពេល​អនាគត​។ ក្នុងខណៈ​នេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន​ជប៉ុន​ធ្វើការ​វិនិយោគ​លើ​ការកែច្នៃ​ឈើ ដើម្បី​ធ្វើការ​នាំចេញ ឆ្លើយតប​ទៅនឹង​ការកើនឡើង​នូវ​ផលិតផល​ក្នុងស្រុក ហើយ​ជួបប្រទះ​បញ្ហា​កង្វះ​ទីផ្សារ​។​

សំណើរ​សំខាន់ៗ​ដែល​បានលើកឡើង​ដោយ​ភាគី​កម្ពុជា ភាគី​ជប៉ុន​ជូន​យោបល់​ឲ្យ​ភាគី​កម្ពុជា​បន្ត ពិភាក្សា​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​ជាមួយ​អ្នកជំនាញ​កសិកម្ម​ជប៉ុន​ពីររូប​ដែល​កំពុង​បម្រើការ​ក្នុង​អង្គការ JICA ហើយ​សង្ឃឹមថា​សំណើ​នឹង​ត្រូវបាន​ដោះស្រាយ​ជូន​ជា​បណ្តើរៗ​តាម​ការចាំបាច់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close