រុស្ស៊ី និង​អ៊ីរ៉ង់ បង្កើន​កិច្ចសហប្រតិបត្តិការ​ណ៍​លើ​គ្រប់​វិស័យ​ទប់ទល់​លោកខាងលិច​

​ប្រធានាធិបតី​រុស្ស៊ី​លោកពូ​ទីន បាន​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​ជាន់ខ្ពស់​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅក្នុង​រដ្ឋធានី​តេ​អី​រ៉ង់​។ នៅក្នុង​ជំនួប​ពិភាក្សា ប្រធានាធិបតី​ពូ​ទីន​បានបញ្ជាក់​ពី​សារសំខាន់​នៅក្នុង​ទំនាក់ទំនង​ទ្វេភាគី ក្នុងពេល​រុស្ស៊ី​រង​គំនាប​យ៉ាងខ្លាំង ពី​បណ្តា​ប្រទេស​លោកខាងលិច ។​

​ចំណែក​មេដឹកនាំ​អី​រ៉ង់ លោក Ayatollah Ali Khamenei បាន​ប្រាប់​ប្រធានាធិបតី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​ថា បើទោះជា​លោក​មិនបាន​ចាប់ផ្ដើម​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ក៏ដោយ ក៏​នៅ​ទីបំផុត​ទៅ បក្សសម្ព័ន្ធ​យោធា​ណា​តូ (NATO) គឺជា​អ្នក​ចាប់ផ្ដើម​សង្គ្រាម នេះ​ដដែល​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Al Jazeera នៅ​ថ្ងៃ​ពុធ ទី​២០ ខែកក្កដា ឆ្នាំ​២០២២​។​

​ការលើកឡើង​របស់លោក ខា​មេ​នី ត្រូវបាន​ដកស្រង់​ចេញផ្សាយ​នៅលើ​គេហទំព័រ​របស់លោក បន្ទាប់ពី​លោក​ផ្ទាល់​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ពូ​ទីន កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​ក្នុង​ទីក្រុង​តេ​ហេ​រ៉ង់​។ លោក ខា​មេ​នី បានលើកឡើង​ដូច្នេះ​ថា «​អ៉ី​រ៉ង់​មិន​ចង់ឃើញ​សង្គ្រាម​ដែលជា​អំពើហិង្សា និង​បញ្ហា ដ៏​ស្មុគស្មាញ​កើតឡើង​នោះទេ​។ ប៉ុន្តែ ពាក់ព័ន្ធ​នឹង​បញ្ហា​អ៊ុយ​ក្រែ​ន បើទោះជា​អ្នក (​លោក ពូ​ទីន​) មិនបាន​ចាប់ផ្ដើម​សង្គ្រាម​នេះ​មុន​ក៏ដោយ ក៏​ភាគី​ដទៃ (​ណា​តូ​) អាច​នឹង​ក្លាយជា​អ្នក​ចាប់ផ្ដើម​មុន ហើយ​បង្ក​សង្គ្រាម​នេះ​ឡើង​ដដែល​»​។​

​មេដឹកនាំ​កំពូល​អ៉ី​រ៉ង់​រូបនេះ ក៏បាន​រិះគន់​ដែរ​ថា​លោកខាងលិច​បាន​ប្រឆាំងនឹង​ភាពខ្លាំង​ក្លា និង​ឯករាជ្យភាព​របស់​រុ​ស្ស៉ី​។ «​បក្សសម្ព័ន្ធ​ណា​តូ​មិនចេះ ស្កប់ស្កល់​នោះទេ ប្រសិនបើ​ឱកាស​នៅតែមាន ហើយ​ទោះជា​សង្គ្រាម​មិនកើត​ឡើង​នៅ​អ៊ុយ​ក្រែ​ន ក៏​ពួកគេ​អាច​នឹង​ចាប់ផ្ដើម​សង្គ្រាម​ដោយ​ប្រើ តំបន់​គ្រី​មៀ ជា​លេស​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ខា​មេ​នី​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក ពូ​ទីន ទៅកាន់​ប្រទេស​អ៉ី​រ៉ង់​ជាទី​ដែល​លោក​ត្រូវ​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​អ៉ី​រ៉ង់ និង​ប្រធានាធិបតី​តួ​ក​គី លោក អឺ​ដូ​ហ្កា​ន់ កើតមានឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន​បញ្ចប់​ទស្សនកិច្ច​នៅ​អ៉ី​ស្រា​អែល និង​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​ដែល​នេះ​អាចជា​សារ​មួយ​ដែល​លោក ពូ​ទីន​ចង់​បញ្ជូន​ទៅកាន់​លោកខាងលិច​ថា ទីក្រុង​មូ​ស្គូ នឹង​ពង្រឹង​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​ជាមួយ​អ៉ី​រ៉ង់ ឥណ្ឌា និង​ចិន ដើម្បី​ទប់ទល់​ជាមួយ​លោកខាងលិច​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close