អភិបាលខេត្តព្រះវិហារ ស្នើឲ្យចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងបញ្ឈប់ការកាប់ឈើ ការកាប់រាន ដុត ឈូសឆាយដីព្រៃខុសច្បាប់ ហើយចូលរួមថែរក្សាការពារព្រៃឈើទាំងអស់គ្នា
នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាព ក្នុងការដាំកូនឈើ ដើម្បីអបអរពិធីរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២២ នៅសាលាបឋមសិក្សាអូរតាលោក ភូមិអូរតាលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែយកចិត្តទុកដាក់ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់បំផុត របស់ សម្ដេច បានធ្វើឱ្យប្រទេសកម្ពុជា ទទួលបានជ័យជំនះទាំងស្រុង លើវិបត្តិសកលជំងឺកូវីដ១៩ ដែលបង្កលក្ខណៈឱ្យសកម្មភាពសេដ្ឋកិច្ច សង្គម អាចដំណើរការឡើងវិញបានជាបណ្ដើរៗ លើគ្រប់វិស័យ។
ឯកឧត្តមអភិបាល បានមានប្រសាសន៍បន្ថែទៀតថាព្រៃឈើ និងប្រព័ន្ធមជ្ឈដ្ឋានព្រៃឈើ បានចូលរួមចំណែកយ៉ាងសំខាន់ដល់គ្រប់ទិដ្ឋភាព នូវគោលដៅអភិវឌ្ឍដោយចីរភាព, ធានាសន្តិសុខស្បៀង និងបណ្ដាញសុវត្ថិភាព, លើកកម្ពស់ជីវភាព, ផ្ដល់មុខរបរ និងកាត់បន្ថយភាពក្រីក្រ, លើកកម្ពស់អាហារូបត្ថម្ភ និងសុខភាព, រក្សានិរន្តភាពផលិតកម្ម, កំណើនសេដ្ឋកិច្ច, សមភាព, បរិយាបន្ន និងភាពជាដៃគូ, ធនធានទឹក, ការពារធនធានជលផល, សន្តិសុខថាមពល, ថែរក្សាជីវៈចម្រុះ និងប្រព័ន្ធមជ្ឈដ្ឋានដីគោក, ជួយគាំទ្រនិរន្តរភាពទីក្រុង, ទប់ស្កាត់ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកអាកាសធាតុ។ ការបាត់បង់ព្រៃឈើ គ្រប់ប្រភេទ អាចបណ្ដាលឱ្យមានទឹកជំនន់ ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងការរាំងស្ងួត នាំឱ្យបាត់បង់សត្វព្រៃ ធនធានមច្ឆជាតិ បាត់បង់ចំណូលគ្រួសារ និងអាចបង្កឱ្យមានភាព រហោស្ថាន និងការធ្លាក់ចុះគុណភាពដីផងដែរ។
ជាចុងក្រោយឯកឧត្តមបានសូមអំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរដែនដី សមត្ថកិច្ចទាំងអស់ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋ សូមមេត្តាចូលរួមដាំដើមឈើ គ្រប់ប្រភេទ តាមគ្រប់រូបភាព គ្រប់ទីកន្លែង និងឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ពិសេសចូលរួមជួយទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងបញ្ឈប់ការកាប់ឈើ ការកាប់រាន ដុត ឈូសឆាយដីព្រៃ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់ ហើយចូលរួមថែរក្សាការពារព្រៃឈើ ជាពិសេស ភ្លើងឆេះព្រៃ ដើម្បីរក្សាការពារឱ្យបាននូវធនធានព្រៃឈើ សម្រាប់កូនចៅរបស់យើងជំនាន់នេះ និងជំនាន់ក្រោយៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។