លទ្ធផល​កិច្ចប្រជុំ​ពិភាក្សា​រវាង​ក​ម្ពុ​ជា និង​វៀតណាម ដើម្បី​ជំរុញ​ការអនុវត្ត​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​រួមគ្នា

(​វៀតណាម​)៖ នា​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្ដម​បណ្ឌិត ថុ​ក សុខុម អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​ជួបប្រជុំ​ពិភាក្សា​ជាមួយ​ឯកឧត្តម ហា វ៉ាន់​សៀវ (Ha Van Sieu) អនុប្រធាន​រដ្ឋបាលជាតិ​ទេសចរណ៍​វៀតណាម (VNAT) នៃ​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​វៀតណាម ដោយបាន​ផ្តោត​សំខាន់​លើ​៖
១- ថ្លែងអំណរគុណ​ចំពោះ​ភាគី​វៀតណាម និង​ពាំ​នាំនូវ​សេចក្តី​នឹករលឹក​ពី ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​រដ្ឋបាលជាតិ​ទេសចរណ៍​វៀតណាម (VNAT) នៃ​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​វៀតណាម​។​
២- អនុវត្ត​នូវ​ស្មារតី​ជំនួប​រវាង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម Pham Minh Chinh, នាយករដ្ឋមន្ត្រី​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក៏ដូចជា​អនុវត្ត​សកម្មភាព​យោងតាម​ស្មារតី​ជំនួប​ផ្លូវការ​រវាង ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា ជាមួយ​ឯកឧត្តម NGUYEN Van Hung រដ្ឋមន្ត្រី​វប្បធម៌ កីឡា និង​ទេសចរណ៍​វៀតណាម ក្នុងអំឡុង​ពិ​ធិ​បើក SEA Games លើក​ទី​៣១ នា​ថ្ងៃទី​២៤ ខែឧសភា​ព ឆ្នាំ​២០២២ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​
៣- បញ្ជាក់​អំពី​គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​បង្ហាញផ្លូវ​ទេសចរណ៍​កម្ពុជា “Cambodian Tourism Roadshow” និង​ប្រកាសប្រាប់​ប្រជាជន​វៀតណាម​អំពី​ការបើក​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ដោយ​កម្ពុជា​បាន​សម្រួល​លក្ខខណ្ឌ​មួយចំនួន​ប្រកបដោយ​ភាពងាយស្រួល សុវត្ថិភាព ផ្ដល់​ភាពកក់ក្ដៅ​សម្រាប់​ភ្ញៀវទេសចរ​បរទេស ក្នុងនោះ ចំពោះ​ភ្ញៀវ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ វិធាន​សុវត្ថិភាព​តម្រូវ​ត្រឹមតែ​ការបង្ហាញ​កាត ឬ​វិ​ញ្ញាប​ន​ប័ត្រ​ចាក់​វ៉ាក់សាំង ដោយឡែក​ចំពោះ​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង ឬ​បាន​ចាក់​វ៉ាក់សាំង​មិន​ពេញលេញ គ្រាន់តែ​តម្រូវ​ឲ្យ​ធ្វើតេស្ត​រហ័ស ប៉ុណ្ណោះ​នៅពេល​មកដល់​កម្ពុជា​។​
៤- ពិភាក្សា​អំពី​ដំណើរការ​នៃ​ការធ្វើដំណើរ​បើកបរ​ដោយ​ខ្លួនឯង (Self-driving tour) ពី​ច្រកព្រំដែន​អន្តរជាតិ ជាពិសេស​ប្រទេស​មិត្ត​ជិតខាង ហើយ​សង្ឃឹមថា​ការបើក​ច្រក​នេះ​នឹង​បង្កើន​ឲ្យ​មាន​លំហូរ​ទេសចរ​មក​ទស្ស​នា​ប្រទេស​ទាំងពី​ឲ្យ​បាន​ច្រើន​ថែមទៀត​។​
៥- បាន​កោតសរសើរ និង​ថ្លែងអំណរគុណ ចំពោះ​ភាគី​វៀតណាម ដែល​បានផ្តល់​អាហារ​រូបករណ៍​ដល់​និស្សិត​កម្ពុជា​។​
៦- បច្ចុប្បន្ន​កម្ពុជា​កំពុងអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ទន់​-​រឹង​ជាច្រើន​នៅ​ទិសនិរតី ដើម្បី​ត​ភ្ជាប់​សម្រួលការ​ធ្វើដំណើរ ជំរុញ​ចលនា​ភ្ញៀវទេសចរ​ពី​ខេត្តកោះកុង ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្ត​កែប ទៅ​ខេត្ត​គៀង យ៉ាង និង​ទីក្រុង​កាន់​ធើ​ជាដើម​។​
៧- បាន​អញ្ជើញ​រដ្ឋបាល​ទេសចរណ៍​ជាតិ​វៀតណាម (VNAT) និង​ប្រតិភូ​ចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០៩-១១ ខែធ្នូ ឆ្នាំ​២០២២ នៅ​ក្រុងព្រះសីហនុ និង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​
៨- ជំរុញ​កិច្ចសហប្រតិបត្តិការ​កា​រត​ភ្ជាប់​តាមផ្លូវ​គោក ទឹក និង​អាកាស ជាពិសេស​ដើម្បី​ត​ភា្ជ​ប់រ​វាង​ខេត្ត​ដែល​នៅជាប់​ព្រំដែន​ជាមួយគ្នា សម្រួល​ដល់​ការធ្វើដំណើរ​នៅតាម​ច្រកព្រំដែន​អន្តរជាតិ និង​ការផ្តល់​ទិដ្ឋាការ​ស្នាក់នៅ​រយៈពេល​វែង​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ធ្វើដំណើរ​ទេសចរណ៍​ទៅពិនិត្យ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម​។​
៩- កម្ពុជា​នឹងចូលរួម​ការតាំងពិព័រណ៍​ទេសចរណ៍​អន្តរជាតិ “International Travel Expo (ITE HCMC) 2022” ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ព្រមទាំង​រៀបចំ​កម្មវិធី​រាត្រី​កម្ពុជា “Cambodia Night” នៅ​សណ្ឋាគារ​រិ​ស (REX Hotel) នា​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២២ ព្រមទាំង​ចូលរួម​ក្នុង​វេទិកា​ទេសចរណ៍​មេគង្គ ចាប់ពី​ថ្ងៃទី​១១-១៤ ខែតុលា ឆ្នាំ​២០២២ នៅ Hoi An ប្រទេស​វៀតណាម​។​
១០- រដ្ឋបាល​ទេសចរណ៍​ជាតិ​វៀតណាម (VNAT) បាន​ឯកភាព​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​បន្ថែមទៀត ពិសេស​ចូលរួម​ការផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា ដូចជា​៖ ការចូលរួម​ពិធីបុណ្យ​សមុទ្រ​នៅ​កម្ពុជា និង​ការចូលរួម​ត្តិ​ការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ (SEA Games 2023) អាស៊ាន​ប៉ា​រ៉ា​ហ្គេម (ASEAN Para Games) និង​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​ឆ្នាំ​២០២៩ (Asian Youth Games 2029) ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ រួមជាមួយ​ការអបអរសាទរ​ខួប​លើក​ទី​៥៥ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម ក៏ដូចជា​ចូលរួម​ផ្សព្វផ្សាយ​រួមគ្នា​នៅ​ព្រឹត្តិការណ៍​ពិ​ព៍រណ៍​ទេសចរណ៍​ពិភពលោក នៅ​ទីក្រុង​ឡុង​ដ៏ ប្រទេស​អង់គ្លេស ហើយ​វៀតណាម​ក៏បាន​ស្នើសុំ​កិច្ចសហប្រតិបត្តិការ​ពី​ក្រសួងទេសចរណ៍​កម្ពុជា​ក្នុង​ការរៀបចំ​កម្មវិធី Roadshow ក្នុង​ខែតុលា ឆ្នាំ​២០២២ នៅ​ទីក្រុង​ភ្នំពេញ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close