ចិន​ជំរុញ​ភាគី​ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន ចូល​តុ​ពិ​ភក្សា និង​អនុ​វត្តបទ​ឈប់​បាញ់​ជាបន្ទាន់​

​អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អាមេរិក បាន​អំពាវនាវ​ដល់​ភាគី​ទាំងសង្ខាង​នៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន រក្សា​ការអត់ធ្មត់ និង​ត​ភ្ជាប់​ឡើងវិញ​នៃ​កិច្ចពិភាក្សា ដើម្បី​បញ្ចប់សង្គ្រាម​។​

​អគ្គ​រដ្ឋ​ចិន​បាន​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​ជាបន្ទាន់ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​បន្ត​កិច្ចពិភាក្សា​ឡើងវិញ​រវាង​ភាគី​ពាក់ព័ន្ធ ក្នុងនោះ​មាន​ទាំង​អាមេរិក និង​ណា​តូ ។​

​មានប្រសាសន៍​នៅក្នុង​វេ​ទិស​ន្តិ​សុខ Aspen នៅ​ទីក្រុង Colorado អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អាមេរិក បាន​ព្រមាន​ថា សង្គ្រាម​ដែល​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន អាច​នឹង​បន្ត​រាលដាល​ទ្រង់ទ្រាយ​ធំ ហើយ​បង្ក​ឲ្យ​មាន​ជនភៀសខ្លួន​កាន់តែច្រើន វិបត្តិ​ទ្រង់ទ្រាយ​ធំ​នឹង​កើតឡើង បើ​មិន​បញ្ឈប់​សង្គ្រាម​ជាបន្ទាន់​នោះទេ ។​

​នៅពេលនេះ​ស្ថានភាព​កាន់តែ​តានតឹង​ខណៈ លោកខាងលិច​បន្ត​ផ្តល់ជំនួយ​អាវុធ​ដល់​អ៊ុយ​ក្រែ​ន ក៏ដូចជា​បន្ត​ដាក់ទណ្ឌកម្ម លើក​ទី​៧ ដល់​ប្រទេស​រុស្ស៊ី​ទៀតផង​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​សម្តែង​ការខកចិត្ត​ចំពោះ​ភាពមិន​ពេញលេញ នៃ​កញ្ចប់​ទណ្ឌកម្ម​ទី​៧ របស់​សហភាព​អឺរ៉ុប ដែល​គ្រោង​នឹង​ដាក់ចេញ​ដើម្បី​បង្កើន​សម្ពាធ​លើ​ទីក្រុង​មូ​ស្គូ​។​

​ក្នុង​សុន្ទរកថា​តាមរយៈ​វីដេអូ លោក ហ្សេ​លេន​ស្គី បានបញ្ជាក់​ដូច្នេះ​ថា «​វា​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ ហើយ​ខ្ញុំ​សូម​ប្រាប់​ទៅកាន់​ដៃគូ​របស់ខ្ញុំ ដោយស្មោះ​ត្រង់​។ រុស្ស៊ី​ត្រូវតែ​ទទួលបាន​អារម្មណ៍​ថា​មាន​សម្ពាធ​ខ្ពស់ជាង​នេះ សម្រាប់​ការបង្ក​សង្គ្រាម និង​ដើម្បី​បង្ខំ​ឲ្យ​ទីក្រុង​មូ​ស្គូ​ត្រឡប់​មករក​សន្តិភាព​»​។​

​សហភាព​អឺរ៉ុប​កំពុងធ្វើការ​ងារ​ក្នុងការ​ដាក់ចេញ​នូវ​កញ្ចប់​ទណ្ឌកម្ម​ទី​៧​របស់ខ្លួន ដើម្បី​បង្កើន​សម្ពាធ​លើ​ទីក្រុង​មូ​ស្គូ​នោះ រុ​ស្ស៉ី​បាន​បង្កើន ការវាយប្រហារ​លើ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន ហើយ​រដ្ឋមន្ត្រីការបរទេស​រុ​ស្ស៉ី លោក សឺ​ហ្គៃ ឡា​រ៉ូ​វ ក៏បាន​និយាយថា​គោលបំណង​យោធា​របស់​រុ​ស្ស៉ី​នៅក្នុង​ប្រទេស អ៊ុយ​ក្រែ​ន គឺ​មិនមែន​ផ្ដោត​ត្រឹមតែ​តំបន់​ដុន​បាស់ នោះទេ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close