ជំនន់​ទឹកភ្លៀង ធ្លាក់​ពី​ទ្វារ​ទឹក​អន្លង់​ជ្រៃ ជន​លិច​ផ្លូវជាតិ​លេខ​៥

​ខេត្តកំពង់ឆ្នាំង ៖ ជំនន់​ទឹកភ្លៀង​បាន ធ្លាក់​គំហុក​ពី​ទ្វារ​ទឹក​អន្លង់​ជ្រៃ ហូរ​មក​កាត់ផ្ដាច់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤០ និង​លេខ​៤១ ស្ថិតក្នុង​ភូមិ​ជ្រ​លាត់​ដៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ បណ្ដាលឱ្យ​មានការ​ធ្វើចរាច​រ​ជួប​ការលំបាក ។​

​ហេតុការណ៍​ខាងលើនេះ​បានចាប់ផ្ដើម​ពី​ម៉ោង​៨ និង ៣០​នាទី​យប់​ថ្ងៃទី ២១ ខែកក្កដា រហូតដល់​ព្រឹក​ថ្ងៃទី ២២ ខែកក្កដា​ចរាចរណ៍​ត្រូវបាន​សម្រួល​ឡើងវិញ​ដោយ​បើក​តាមផ្លូវ​វាង ដែល​ក្រុមហ៊ុន​ជប៉ុន​ទើប​ធ្វើ​រួច ។​

​លោក សេង ចិន្តា អធិការនគរបាល​ស្រុក​សាមគ្គី​មានជ័យ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រមាណ​ជាង ៨ យប់​ទឹកបាន​ធ្លាក់​មកពី​លើ ហើយ​បាន​បុក​កាត់ផ្ដាច់​ផ្លូវជាតិ​លេខ ៥ ចំណុច​ភូមិ​ជ្រ​លាត់​ដៃ បណ្ដាលឱ្យ​ការធ្វើ​ចរាចរណ៍​ជួប​ការលំបាក ។​

​ក្នុងពេល​នោះដែរ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​សាមគ្គី​មានជ័យ និង​កម្លាំង​នគរបាល​ខេត្តកំពង់ឆ្នាំង ព្រមទាំង​កងរាជអាវុធហត្ថ​ផងដែរ មាន​គ្នា​ប្រមាណ​ជាង ៥០​នាក់ បាន​ប្រតិបត្តិការ​អន្តរាគមន៍​សម្រួល​ចរាចរណ៍​ទាំងយប់ ។​

​ប៉ុន្តែ​ដល់​ម៉ោង​ប្រហែល​២ រំលង​អា​ធ្រា​ត ទឹក​បុក​ខ្លាំងពេក​ទើប​ការ​ចរាចរណ៍ បាន​កាត់ផ្ដាច់ មិនអាច​ទៅមក​បាន​។ រហូតដល់​វេលា​ម៉ោង ៨ ព្រឹក​ថ្ងៃទី ២២ ខែកក្កដា​នេះ ខាង​ក្រុមហ៊ុន​ធ្វើ​ផ្លូវ ជប៉ុន​បានសម្រេច​ឲ្យ​ធ្វើដំណើរ​តាមផ្លូវ​ថ្មី វាង​ផ្សារ​ឧ​ត្តុ​ង ដែល​ទើប​សាងសង់​រួច ទើប​ការ​ចរាចរណ៍​បាន​ដំណើរការ​ឡើងវិញ​។ ចំណែក​ផ្លូវជាតិ​នៅ​ចំណុច​ខាងលើ​នោះ​មិនទាន់​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​បាន​នៅឡើយ​នោះទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close