រុស្ស៊ី​វាយប្រហារ​លើ​កំពង់ផែ​អូ​ដេស​សា ក្រោយ​​ចុះ​កិច្ចព្រមព្រៀងជាមួយ​អ៊ុយក្រែន​​​បើក​កំពង់ផែនេះ​ដើម្បី​នាំចេញ​គ្រា​ប់ធ​ញ្ញជាតិ​បាន​មួយ​ថ្ងៃ​គត់​

កាំជ្រួច​របស់​រុស្ស៊ី​បាន​វាយប្រហារ​កំពង់ផែ​អូ​ដេស​សារប​ស់អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​សៅរ៍ នៅក្នុង​អ្វី​ដែល​រដ្ឋាភិបាល​ទីក្រុង​គៀវ​ហៅថា​«​ការស្តោះទឹក​មាត់​ដាក់មុខ​»​លើ​កិច្ចព្រមព្រៀង​ដែល​ទើប​មាន​អាយុកាល​បាន​មួយ​ថ្ងៃ​រវាង​ភាគី​សង្គ្រាម​ទាំង​ពីរ​ដើម្បី​បន្ត​ការនាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ដែល​កន្លងមក​ត្រូវបាន​រាំងខ្ទប់​ដោយ​ជម្លោះ​ប្រដាប់អាវុធ​។​

​ទោះជា​យ៉ាងណា​នៅ​មិនទាន់​មាន​ប្រតិកម្ម​ឬ​ការទទួលស្គាល់​ពី​ភាគី​រុស្ស៊ី​ចំពោះ​ការអះអាង​នេះ​នៅឡើយ​ទេ​។​

​យោធា​អ៊ុយ​ក្រែន​បាន​និយាយថា ផ្នែក​ការពារ​ដែនអាកាស​របស់​ខ្លួន​បាន​បាញ់ទម្លាក់​កាំជ្រួច​បញ្ជា​នាំផ្លូវ​ចំនួន​ពីរ​ដើម តែ​ពីរ​ដើម​ទៀត​ធ្លាក់ចំ​តំបន់​កំពង់ផែ ដែល​វា​គំរាម​ដល់​កិច្ចព្រមព្រៀង​សំខាន់​​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​សំរេច​ឡើង​ក្រោយ​ការចរចា​អស់​រាប់​ខែ​ដើម្បី​សម្រាល​វិបត្តិ​ស្បៀង​សកល​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ុយ​ក្រែន​បាន​និយាយថា ការវាយប្រហារ​នេះ​ជា​«​ការស្តោះទឹក​មាត់​ដាក់មុខ​»​ដោយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន លើ​កិច្ចព្រមព្រៀង​ដែល​សម្របសម្រួល​ដោយ​​ប្រធានាធិបតី​តួ​ក​គី និង​អគ្គលេខា​អង្គការសហប្រជាជាតិ​។​

​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី​អ៊ុយ​ក្រែនលោក​ហ្សេ​លេន​ស្គី បាន​អះអាង​ថា​ការវាយប្រហារ​លើ​ក្រុង​អូ​ដេស​សា​បង្ហាញថា រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​នឹង​មិន​គោរព​ការស​ន្យា​របស់​ខ្លួន​។​

​សូមបញ្ជាក់​ថា អូ​ដេស​សា (Odessa)​ជា​មជ្ឈមណ្ឌល​នាំចេញ​មួយ​ក្នុងចំណោម​មជ្ឈមណ្ឌល​ដូច្នេះ​ចំនួន​បី​ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង ហើយ​មន្ត្រី​អ៊ុយ​ក្រែន​បាន​និយាយថា គ្រា​ប់​ធញ្ជជាតិ​កំពុង​​ស្តុក​ទុក​នៅ​កំពង់ផែ​នេះ​ពេល​មាន​ការវាយប្រហារ តែ​ទំនងជា​មិន​រង​ការខូចខាត​ទេ​។​

អគ្គលេខា​អង្គការសហប្រជាជាតិ ដែល​បាន​ធ្វើ​ជា​សាក្សី​នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​សុក្រ បាន​ថ្កោលទោស​ការវាយប្រហារ​នេះ និង​បាន​ទទូច​សុំ​អោយ​គ្រប់​ភាគី​គោរព​កិច្ចព្រមព្រៀង​។​

​ក្នុងពេល​ជាមួយគ្នា ប្រធាន​គោលនយោបាយ​បរទេស​របស់​សហភាព​អឺរ៉ុប លោក ចូសេប ប័រ​រ៉ែល​(Josep Borrell) បាន​បន្ទោស​រុស្ស៊ី​ដោយ​ផ្ទាល់​ចំពោះ​ការវាយប្រហារ​នេះ​។​លោក​បាន​និយាយថា​«​ការ​​វាយប្រហារ​នេះ​ផ្តោត​លើ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ នៅ​ពេល​តែ​មួយ​ថ្ងៃក្រោយ​ការចុះហត្ថលេខា​នៅ​ទីក្រុង​អ៊ី​ស្តា​ន់​ប៊ុល ហើយ​វា​បង្ហាញ​ជា​ថ្មី​ថា រុស្ស៊ី​មិន​គោរព​ច្បាប់​អន្តរជាតិ​ទាំង​ស្រុង​និង​ការប្តេជ្ញា​ចិត្ត​របស់​​ខ្លួន​»​។​

​អង់គ្លេស​និង​អាម៉េរិក​ក៏​ថ្កោលទោស​ការវាយប្រហារ​នេះ ដោយ​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​និយាយថា​វា​«​បង្ក​ការ​មន្ទិល​ជាខ្លាំង​អំពី​ជំនឿ​លើ​ការប្តេជ្ញា​ចិត្ត​របស់​រុស្ស៊ី​ចំពោះ​កិច្ចព្រមព្រៀង​»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close