សម្ដេចម៉ែប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ១លានដុល្លារ ចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីននៅទូទាំងប្រទេស
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ទ្រង់បានប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យចំនួន ១លានដុល្លារអាមេរិក ចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមព្រះរាជសារលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបាននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ។
ក្នុងព្រះរាជសារលិខិត ព្រះមហាក្សត្រនៃកម្ពុជា បានមានព្រះរាជបន្ទូលថា «ខ្ញុំសូមជូនពរ សម្តេចអគ្គមហាសេនាបតី និងសមាជិក សមាជិកាដ៏ឧត្តុងឧត្តមនៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានមហាជោគជ័យថ្មីៗទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
សូមជម្រាបថា ក្នុងឱកាសអញ្ជើញលែងកូនត្រី នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យមានការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសំអាតមីន ក្នុងការបញ្ចប់នូវការគំរាមកំហែងពីគ្រាប់មីន ចំពោះប្រជាពលរដ្ឋកម្ពុជាតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។