មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង ជូនដំណឹង​ស្ដីពី​ការចុះបញ្ជី​ចម្ការ​មៀន​ប៉ៃលិន និង​ចម្ការ​ស្វាយ និង​ស្នើសុំ​ការបណ្តុះបណ្តាល​ការអនុវត្ត​កសិកម្ម​ល្អ​-​កម្ពុជា សម្រាប់ធ្វើ​ការនាំ​ចេញទៅ​ក្រៅប្រទេស ជាពិសេស​ប្រទេស​ចិន​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចុះ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២២ បាន​ជូនដំណឹង​ដល់​ម្ចាស់​ចម្ការ សហគមន៍​កសិកម្ម​មៀ​ន​ប៉ៃលិន និង​ម្ចាស់​រោងចក្រ​វេច​ខ្ចប់ ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ចម្ការ និង​រោងចក្រ​វេច​ខ្ចប់​ផ្លែ​មៀន​ប៉ៃលិន សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ចិន នៅ​អគ្គនាយកដ្ឋាន​កសិកម្ម​។​

​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង សូម​គោរព​ជម្រាបជូន​ដំណឹង​ដល់​សាធារណជន ជា​ម្ចាស់​ចម្ការ ម្ចាស់​ក្រុមហ៊ុន សហគ្រាស និង​សហគមន៍​កសិកម្ម ដែលមាន​ដំណាំ​មៀន​ប៉ៃលិន (​តា​ង៉ែ​ន​) និង​ដំណាំ​ស្វាយ​គ្រប់​ទំហំ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ មេត្តា​ជ្រាបថា​៖ ដើម្បី​ធានាបាន​នូវ​ស្តង់ដា និង​លក្ខខណ្ឌ​បច្ចេកទេស​សមស្រប សម្រាប់​ការនាំ​ចេញទៅ​ក្រៅប្រទេស ជាពិសេស​ប្រទេស​ចិន​។

​ចំពោះ​លោក លោកស្រី ដែល​មិនទាន់បាន​ចុះបញ្ជី និង​បណ្តុះបណ្តាល​ការអនុវត្ត​កសិកម្ម​ល្អ​-​កម្ពុជា (Cam-GAP) សូម​លោក លោកស្រី ម្ចាស់​ចម្ការ​ធ្វើការ​ស្នើសុំ​តាមរយៈ ឃុំ សង្កាត់ ឬ​ក្រុង ស្រុក​ដែល​នៅ​ជិត​មូលដ្ឋាន​របស់លោក លោកស្រី សម្រាប់​លោក លោកស្រី ដែល​បាន​ចុះបញ្ជី និង​ទទួលបាន​ការបណ្តុះបណ្តាល​រួច ត្រូវ​រួសរាន់​ដាក់ពាក្យ​ស្នើសុំ ធ្វើការ​វាយតម្លៃ ដើម្បី​ទទួលបាន​វិញ្ញាបនបត្រ​នៃ​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា (CamGAP) និង​ស្នើសុំ​ចុះបញ្ជី​ចំការ​សម្រាប់​ការនាំចេញ ដែលជា​លក្ខខណ្ឌ​តម្រូវ​សម្រាប់ធ្វើ​ការនាំ​ចេញទៅ​ក្រៅប្រទេស ជាពិសេស​ប្រទេស​ចិន​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន លោក លោកស្រី ម្ចាស់​ចម្ការ ម្ចាស់​ក្រុមហ៊ុន សហគ្រាស​និង​សហគមន៍​កសិកម្ម ដែលមាន​ដំណាំ​មៀន​ប៉ៃលិន​(​តា​ង៉ែ​ន​) និង​ដំណាំ​ស្វាយ គ្រប់​ទំហំ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ទៅ​ចុះបញ្ជី​នៅតាម​អជ្ញាធរ​មូលដ្ឋាន​ដើម្បី​ផ្ញើរ​ជូន​មក​មន្ទីរជំនាញ សម្រាប់ធ្វើ​ការសម្របសម្រួល​ទៅ​អគ្គនាយកដ្ឋាន​កសិកម្ម អោយបាន​គ្រប់ៗ​គ្នា ចាប់​ពីថ្ងៃ​ជូនដំណឹង​តទៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close