ជំងឺ​អុត​ស្វា! ក្រសួង រកឃើញ​មនុស្ស​៥​នាក់ ប៉ះពាល់​ជាមួយ​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា

​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានបញ្ជាក់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២២ ថា គិត​ត្រឹម​ម៉ោង​៥៖១០​នាទី​ល្ងាច ថ្ងៃទី​២៤ ខែកក្កដា ក្រសួង​សុខា​ភិ បាល បាន​រកឃើញ​អ្នកពាក់ព័ន្ធ​សរុប​ចំនួន​៥​នាក់​ហើយ ដែល​បាន​ប៉ះពាល់​ជាមួយ​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា កើត​ជំងឺ​អុត​ស្វា​។​

​លោកជំទាវ បញ្ជាក់ថា អ្នក​ទាំង​៥​នាក់​នោះ​មិនទាន់ បង្ហាញ​សញ្ញា​ណាមួយ ដែល​បញ្ជាក់​ពី​ការឆ្លង​នៅឡើយ​ទេ ដោយ​ពួកគាត់​ត្រូវបាន​ណែនាំ​ឱ្យនៅ​ដោយឡែក សម្រាប់​តាមដាន​សុខភាព​។​

​លោកជំទាវ ឱ វណ្ណឌី​ន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​គិត​ត្រឹម​ម៉ោង​៥៖១០​នាទី​ល្ងាច ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២២​នេះ យើង​រកឃើញ​អ្នកពាក់ព័ន្ធ សរុប​ចំនួន​៥​នាក់​ហើយ ដែល​បាន​ណែនាំ​ឱ្យនៅ​ដោយឡែក សម្រាប់​តាមដាន​សុខភាព​ពួកគាត់​។
​ពួកគាត់​ទាំង​៥​នាក់​នេះ មិនទាន់​បង្ហាញ​សញ្ញា​ណាមួយ ដែល​បញ្ជាក់​ពី​ការឆ្លង​នៅឡើយ​ទេ ទោះជា​យ៉ាងណា ពួកគាត់​ចាំបាច់​ត្រូវ​នៅ​ដាច់ដោយឡែក នៅផ្ទះ​របស់​ពួកគាត់ និង​តាមដាន​សុខភាព​ផ្ទាល់ខ្លួន ហើយ​ត្រូវរាយការណ៍ជូន​ក្រុមគ្រូពេទ្យ ប្រសិនបើ​មាន​ចេញ​រោគសញ្ញា​ណាមួយ ដែល​សង្ស័យ និង​រក្សា​សណ្តាប់ធ្នាប់​សុវត្ថិភាព​ឃ្លាំមើល ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​»​។​

​សូមបញ្ជាក់ថា បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា ឈ្មោះ អូស​ម៉ុង ហ៊ឺហា​ហ្ស៊ី​រឹម (OSMOND CHIHAZIRIM) អាយុ​២៧​ឆ្នាំ កាន់​ប៉ាស្ទ័រ​លេខ A10414328 ត្រូវបាន​កម្លាំង​សមត្ថកិច្ច​រកឃើញ និង​ឃាត់ខ្លួន​នៅ​ព្រលប់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២២ នៅ​ម្ដុំ​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។
​ក្រោយពី​ពេល​ឃាត់ខ្លួន ជនជាតិ​នី​ហ្សេ​រី​យ៉ា​រូបនេះ ត្រូវបាន​ប្រគល់ជូន​មន្ដ្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល ដើម្បី​អនុវត្ត​វិធាន​ការបន្ដ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close