ផ្ទុះ​ភ្នំភ្លើង​សាគូ​រ៉ា​ជី​ម៉ា បង្កើន​កម្រិត​ប្រកាសអាសន្ន​ដល់​៥

​តូ​ក្យូ​៖ ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​និយាយថា ការផ្ទុះ​ភ្នំភ្លើង​មួយ​បាន​កើតឡើង​នៅលើ Sakurajima ក្នុង​ខេត្ត Kagoshima ភាគ​និរតី​នៃ​ប្រទេស​ជប៉ុន កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី​២៤ កក្កដា ២០២២​។​ ​ទីភ្នាក់ងារ​នេះ​ប៉ាន់​ស្មានថា ការផ្ទុះ​ដ៏​ធំ​ដែល​កើតឡើង​ពី​ហេតុការណ៍ នេះ ទំនងជា​មិនកើត​ឡើង​ទេ​។ ទោះបីជា​យ៉ាងណាក៏ដោយ ទីភ្នាក់ងារ​បាន​បង្កើន​កម្រិត​ប្រកាសអាសន្ន​របស់ខ្លួន​ដល់​កម្រិត​ខ្ពស់បំផុត​នៃ គឺ​កម្រិត​៥ ដែល​គេ​ដឹងថា ត្រូវបាន​អនុវត្ត​នៅ Sakurajima ជា​លើកដំបូង ចាប់តាំងពី​ប្រព័ន្ធ​នេះ​ត្រូវបាន​ណែនាំ​ក្នុង​ឆ្នាំ ២០០៧ ។​

​មន្ត្រី​បាន​បញ្ជាក់ថា មានការ​ផ្ទុះ​មួយ​នៅក្រោយ​ម៉ោង ៨ យប់ ថ្ងៃអាទិត្យ ដែល​បាន​បញ្ចេញ​ថ្មភ្នំ​ភ្លើង​ធំៗ​នៅ​ជុំវិញ​ចម្ងាយ ២,៥ គីឡូម៉ែត្រ​។ មន្ត្រី​ក្រុង Kagoshima បានចេញ​បញ្ជា​ជម្លៀស​ប្រជាជន​នៅក្នុង​ទីប្រជុំជន Arimura និង Furusato ដែលមាន​ប្រជាជន​ប្រមាណ​ជា ៣៣​គ្រួសារ​។ មន្ត្រី​ទីភ្នាក់ងារ​ឧតុនិយម បាន​និយាយថា ថ្មភ្នំ​ភ្លើង​ធំៗ ជាច្រើន​ទៀត​អាច​នឹង​ធ្លា​ក់នៅ​តំបន់​ខ្លះ​នៃ​ទីក្រុង Kagoshima ក្នុង​ចម្ងាយ ៣​គីឡូម៉ែត្រ នៃ​រណ្ដៅ​ភ្នំភ្លើង​ពីរ​។​

​មន្ត្រី​ទីភ្នាក់ងារ​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា “​សកម្មភាព​ភ្នំភ្លើង Sakurajima កាន់​តែមាន​សភាព​ខ្លាំង​ក្លា​។ ប្រជាជន​នៅក្នុង​តំបន់​លំនៅដ្ឋាន​គួរតែ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ចំពោះ​ផ្ទាំង​ថ្មភ្នំ​ភ្លើង​ដ៏​ធំ​ដែល​ធ្លាក់​នៅក្បែរនោះ​”​។​

​ទីភ្នាក់ងារ​ឧតុនិយម បាន​រម្លឹក​ផងដែរ ពី​ការរញ្ជួយ​ដី​ដែល​បាន​កើតឡើង​ក្នុង​ឆ្នាំ ១៩១៤ ដោយបាន​សម្លាប់​មនុស្ស ៥៨ នាក់​។ យ៉ាងណាក៏ដោយ សម្រាប់​ការផ្ទុះ​ភ្នំភ្លើង​សាគូ​រ៉ា​ជី​ម៉ា លើក​នេះ មិនទាន់មាន​របាយការណ៍​អំពី​ការខូចខាត​នៅឡើយ​ទេ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close