កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចសន្ទនា​យុវជន​អាស៊ាន​លើក​ទី​១ មាន​ប្រធានបទ “​យុវជន​ក្នុង​យុគសម័យ បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ (4IR) និង ឱកាស និង​បញ្ហា​ប្រឈម​ក្នុងការ​ស្តារឡើងវិញ​ក្រោយ ជំងឺ​រាតត្បាត​កូ​វីដ​-១៩”

​កម្ពុជា បាន​ក្លាយជា​ម្ចាស់ផ្ទះ​នៅក្នុង​ការរៀបចំ​កិច្ចសន្ទនា​យុវជន​អាស៊ាន​លើក​ទី​១ ក្រោម​មូលបទ “​យុវជន​ក្នុង​យុគសម័យ បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ (4IR) និង ឱកាស និង​បញ្ហា​ប្រឈម​ក្នុងការ​ស្តារឡើងវិញ​ក្រោយ ជំងឺ​រាតត្បាត​កូ​វីដ​-១៩” ហើយ​កិច្ចសន្ទនា​យុវជន​អាស៊ាន គឺ​សមស្រប​នឹង​អាទិភាព​នៃ​អាណត្តិ​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ និង​ប្រធានបទ “​អាស៊ាន​រួមគ្នា​ធ្វើ , ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​”​។​

​កិច្ចសន្ទនា​យុវជន​លើកដំបូង​នេះ ចាប់ពី​ថ្ងៃទី ២៥ ដល់ទី ២៦ ខែកក្កដា នៅ​សាលសន្និសីទ​សុខា ក្នុង​ក្រុង​សៀមរាប ដោយមាន​ការចូលរួម​ពី​ប្រតិភូ​ចំនួន​៦៨ នាក់ មកពី ប្រទេស​ក្នុង​តំបន់ និង​ប្រទេស​កូរ៉េខាងត្បូង ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា , ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា , ឯកឧត្តម Lim Jock Hoi អគ្គលេខាធិការ​អាស៊ាន និង ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ព្រមទាំង​វត្តមាន​ពី​សំណាក់​ឯកឧត្តម រដ្ឋមន្ត្រី​កិត្តិយស ទទួលបន្ទុក​យុវជន​មកពី​ប្រទេស​សមាជិក​អាស៊ាន ឯកឧត្តម​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​អាស៊ាន​និង​តំណាង​យុវជន​មកពី​បណ្តា​ប្រទេស​អាស៊ាន ជាច្រើនរូប​ទៀត ។​

​នៅក្នុង​ពិធី​បើក​កិច្ចសន្ទនា​យុវជន​អាស៊ាន​លើក​ទី​១​នេះ ឯកឧត្តម ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា មានប្រសាសន៍ថា គណៈប្រតិភូ​យុវជន នឹងចូលរួម​កិច្ចសន្ទនា​ទល់មុខ​ជាមួយ​រដ្ឋមន្ត្រី​យុវជន​អាស៊ាន និង​មន្ត្រីជាន់ខ្ពស់​នានា​ស្តីពី​ការផ្ដល់ អំណាច​ដល់​យុវជន ចូលរួម​ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​ធ្វើ​សមាហរណកម្ម ក្នុង​តំបន់ ហើយ​កិច្ចសន្ទនា​ផ្តោត​សំខាន់​លើ​ប្រធានបទ​ស្នូល​ចំនួន​៨ រួមទាំង​អភិបាលកិច្ច​; វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ការផ្លាស់ប្ដូរ​ថ្មី​; ការងារ​នាពេល​អនាគត​; ហេដ្ឋារចនាសម្ព័ន្ធ និង​ការតភ្ជាប់​; កំណើន​បរិ​យា​ប័ន្ន​និង​និរន្តរភាព​; ការប្រែប្រួល​អាកាសធាតុ​; ការ​បង្រួញ គម្លាត​អភិវឌ្ឍ​ក្នុង​អាស៊ាន​; ការជួប​ប្រាស្រ័យ​ប្រជាជន ។​

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ បន្តថា កិច្ចសន្ទនា​យុវជន​អាស៊ាន​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ដែល​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​អាស៊ាន ក្នុងការ​ផ្តល់ឱកាស​ដ​ល់​យុវជន​របស់​យើង​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា តាមរយៈ​ការផ្លាស់ប្តូ​រមតិ និង​តាមរយៈ​ការស្នើសុំ​អនុសាសន៍​គោលនយោបាយ ដើម្បី​ឲ្យ​តំបន់​អាស៊ាន​របស់​យើង​ទទួលបាន​នូវ​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​សុភមង្គល​យូរអង្វែង​សម្រាប់​ប្រជាជន​យើងទាំងអស់គ្នា​។​

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បន្តទៀតថា បដិវត្តន៍​ឧស្សាហកម្ម​ទី​បួន​គឺ​ផ្លាស់ប្តូរ​ជា​មូលដ្ឋាន​នូវ​របៀប​រស់នៅ របៀប​ធ្វើការ និង​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក វា​ត្រូវ​បានកំណត់​លក្ខណៈ​ដោយ​ចំណុចប្រសព្វ​នៃ​របកគំហើញ​បច្ចេកវិទ្យា​ដែល​កំពុង​រីកចម្រើន គ្របដណ្តប់​លើ​វិស័យ​ធំ​ទូលាយ​ដូចជា បញ្ញា​សិប្ប​និមិត្ត (AI), មនុស្ស​យន្ត​, អ៊ីនធឺណិត​នៃ​វត្ថុ (IoT), រថយន្ត​ស្វយ័ត​, ការបោះពុម្ព 3D, ណា​ណូ​បច្ចេកវិទ្យា​, ជីវ​បច្ចេកវិទ្យា​, វិទ្យាសាស្ត្រ​សម្ភារ​, ការផ្ទុក​ថាមពល និង quantum computing ដើម្បី​ដាក់ឈ្មោះ​មួយចំនួន​។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អប់រំ ជឿជាក់ថា កិច្ចសន្ទនា​យុវជន​អាស៊ាន​លើក​ទី​១​នេះ នឹង​ផ្តល់​ជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​យុវជន​អាស៊ាន ដើម្បី​ពិភាក្សា​អំពី​បញ្ហាសំខាន់ៗ​ក្នុង​តំបន់ និង​ពិភពលោក ដែល​ជះឥទ្ធិពល​ដល់​អនាគត​របស់​ពួកគេ រាប់​ចាប់ពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និង​អនាគត​សម្រាប់​ការងារ​ដល់​ការ​អភិ​វ​ឌ្ប្រ​កប​ដោយ​ចីរភាព ការប្រែប្រួល​អាកាសធាតុ និង​ការផ្លាស់ប្តូរ​ពី​មនុស្ស​ទៅ​មនុស្ស ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការងារ​នាពេល​អនាគត និង​ទទួលបាន​ជំនាញ រៀន​បច្ចេកវិទ្យា​ស្របតាម​ភាពជឿនលឿន​នៃ​បរិបទ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤.០ ស្រប​ពេលដែល រដ្ឋ​សមាជិក​អាស៊ាន​កំពុង​ប្រឈមមុខ​នឹង​ភាពមិនច្បាស់លាស់​អំពីរ​បៀ​ប​រៀបចំ​យុវជន​សម្រាប់​អនាគត​ថ្មី​នៃ​ការងារ និង​សម្រាប់​ការ​សម្រប​ខ្លួន និង​ការទទួលយក​ឧស្សាហកម្ម 4.0 ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close