អាស៊ាន សម្តែងការតក់ស្លុត និងសោកសៅយ៉ាងក្រៃលែង ចំពោះមីយ៉ាន់ម៉ា ដែលប្រហារជីវិតសកម្មជនបក្សប្រឆាំង៤នាក់
ភ្នំពេញ៖ អាស៊ានបានចេញសេចក្តីថ្លែងការណ៍មួយដោយបង្ហាញពីក្តីតក់ស្លុត និងសោកសៅយ៉ាងក្រៃលែងចំពោះប្រទេសមីយ៉ាន់ម៉ា ដែលប្រហារជីវិតសកម្មជនបក្សប្រឆាំងចំនួន ០៤រូប។
សកម្មជនបក្សប្រឆាំងចំនួន ០៤រូបនោះ ដែលត្រូវរបបយោធាមីយ៉ាន់ម៉ាកាត់ទោសប្រហារជីវិតនោះ រួមមាន៖ លោក ភ្សូ ហ្សេយ៉ា ថរ, លោក ក្យរ មីនយូ, លោក ឡា មីយូ អោង និងលោក អោង ធូរ៉ា ហ្ស បើទោះបីមានការស្នើសុំឱ្យពិចារណាឡើងវិញ លើសេចក្តីសម្រេចផ្តន្ទាទោសលើជនទាំងនោះដោយផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាសំណូមពរពីសំណាក់រដ្ឋសមាជិកអាស៊ានដទៃទៀតយ៉ាងណាក្តី។
អាស៊ានបានចាត់ទុកថា នេះជាបញ្ហាដែលអាស៊ានយកចិត្តទុកដាក់យ៉ាងខ្លាំង។
តាមរយៈសេចក្តីថ្លែងការណ៍ដដែល បានឱ្យដឹងថា ខណៈដែលមានការទទួលស្គាល់នូវភាពស្មុគស្មាញនៃវិបត្តិ ព្រមទាំងកំដៅទោសៈមោហៈផ្ទុះឡើងគ្រប់ទិសទីក្នុងប្រទេសមីយ៉ាន់ម៉ា អាស៊ានជារួមបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់មានការអត់ទ្រាំ និងភាពអត់ធ្មត់ជាអតិបរិមា ហើយខិតខំចៀសវាងមិនធ្វើឱ្យជម្លោះរីករាលដាលកាន់តែខ្លាំង។ គឺជាទង្វើរមិនអាចអត់ឱនបានធ្ងន់ធ្ងរណាស់ ព្រោះវាបានទាញថយក្រោយនូវវឌ្ឍនភាព និងថែមទាំងសបញ្ជាក់ច្បាស់ពីកង្វះឆន្ទៈគាំទ្រកិច្ចខិតខំប្រឹងប្រែង ជាពិសេសរបស់ប្រធានអាស៊ាន ក្នុងការជួយពន្លឿនវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ពោលគឺការកសាងភាពជឿជាក់ និងទំនុកចិត្តដើម្បីឱ្យធ្វើមានកិច្ចសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ សំដៅបញ្ចប់អំពើហិង្សាការអនុវត្តទោសប្រហារជីវិតតែមួយសប្ដាហ៍មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងសម្រាលទុក្ខវេទនារបស់ប្រជាជនស្លូតត្រង់។
អាស៊ាន នៅតែប្រកាន់ខ្ជាប់គោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន និងកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាសូមលើកបន្ទរនូវសំឡេងដ៏លើសលុបក្នុងមជ្ឈដ្ឋានអាស៊ាន ក៏ដូចជាសហគមន៍អន្តរជាតិ ដែលជំរុញឱ្យអាជ្ញាធរទីក្រុងណៃពិដោ ចាត់វិធានការជាក់ស្ដែង ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។
អាស៊ានបន្តអំពាវនាវយ៉ាងខ្លាំងក្លា និងជាបន្ទាន់ដល់ភាគីទាំងអស់ឱ្យចៀសវាងនូវសកម្មភាពទាំងឡាយណាដែលធ្វើឱ្យវិបត្តិនៅមីយ៉ាន់ម៉ាកាន់តែធ្លាក់ដុនដាប រារាំងដល់ការសន្ទនាដោយសន្តិវិធីក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ និងបង្កគ្រោះថ្នាក់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាព ទាំងនៅមីយ៉ាន់ម៉ា និងក្នុងតំបន់ទាំងមូល។
អាស៊ាន នៅតែតាំងចិត្តបន្តរិះរកវិធីសាស្ត្រជួយមីយ៉ាន់ម៉ាឱ្យត្រឡប់ទៅរកប្រក្រតីភាព និងដំណើរការកែប្រែទៅរកលទ្ធិប្រជាធិបតេយ្យ ហើយស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន តាមរយៈកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន ដែលដឹកនាំដោយមីយ៉ាន់ម៉ា និងជារបស់មីយ៉ាន់ម៉ាខ្លួនឯង ស្របទៅតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច និងធម្មនុញ្ញអាស៊ាន។ ទាំងនេះគឺជាតម្រូវការបន្ទាន់ ដើម្បីទប់ស្កាត់ការបាត់បង់ជីវិតមនុស្សកាន់តែច្រើន និងបំបាត់នូវទុក្ខវេទនារបស់ប្រជាជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។