ក្រសួង​ប្រៃសណីយ៍ ស្នើឱ្យ​ប្រជាពលរដ្ឋរ​ប្រជាពលរដ្ឋ​រុះរើ និង​បញ្ឈប់​ការប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា ឬ​ឧបករណ៍​ពង្រីក​សេវា​!

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) សូម​ជម្រាបជូន​សាធារណជន​មេត្តា​ជ្រាបថា តាមរយៈ​ការចុះ ត្រួតពិនិត្យ​ហ្វ្រេ​កង់​ស៍​វិទ្យុ​និង​ធ្វើ​ការវាស់ស្ទង់​គុណភាព​សេវា​ទូរ​សព្ទ​ចល័ត​នៅក្នុង​បរិវេណ​បុរី​មួយចំនួន​ក្នុង​រាជធានី ភ្នំពេញ ក​.​ប​.​ទ​. បាន​រកឃើញថា ការប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា និង​/​ឬ​ឧបករណ៍​ពង្រីក​សេវា (Signal Booster/Repeater) បាន​បង្ក​ការឆ្លង​រំខាន និង​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​កម្រិត​គុណភាព​សវា​ទូរ​សព្ទ​ចល័ត នៅក្នុង​តំបន់​នោះ​។​

​ដូចនេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សូម​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​កំពុង​ប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា និង​/​ឬ ឧបករណ៍​ពង្រីក​សេវា ធ្វើការ​រុះរើ ដកចេញ និង​បញ្ឈប់​ការប្រើប្រាស់​ឧបករណ៍​ទាំងនេះ ដោយ​ខ្លួនឯង​នៅតាម​ផ្ទះ របស់ខ្លួន​។
​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក៏​សូម​ស្នើ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​ឱ្យ​បញ្ឈប់​ការនាំ​ចូល​ឧបករណ៍​បង្កើន​កម្លាំង​សេវា និង​/​ឬ ឧបករណ៍​ពង្រីក​សេវា​គ្រប់​ប្រភេទ ដែល​ពុំមាន​ការទទួលស្គាល់​យ​ថា​ប្រភេទ​ពី​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ជាបន្ទាន់ ជៀសវាង​ការ​ប្រឈម​នឹង​វិធានការ​ច្បាប់​។​

​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សូម​គូសបញ្ជាក់​ផងដែរ​ថា យោងតាម​មាត្រា​៨៤ នៃ​ច្បាប់​ស្តីពី​ទូរគមនាគមន៍ បាន​ចែងថា “​ការបង្កើត ការដំឡើង ការប្រើប្រាស់ ឬ​ការកែប្រែ​ហេដ្ឋារចនាសម្ព័ន្ធ​និង​បណ្តាញ​ទូរគមនាគមន៍ ឬ​គ្រឿង​សម្ភារៈ​បរិក្ខារ​ទូរគមនាគមន៍ ដើម្បី​បង្ក​ការ​កាត់ផ្តាច់ ការរំខាន ឬ​ការជ្រៀតជ្រែក​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ទូរគមនាគមន៍ ឬ​បង្ក​ការប៉ះពាល់ ដល់​សណ្តាប់ធ្នាប់​សាធារណៈ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១ (​មួយ​) ឆ្នាំ ទៅ ៥ (​ប្រាំ​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២ ០០០ ០០០ (​ពីរលាន​) រៀល ទៅ ១០ ០០០ ០០០ (​ដប់​លាន​) រៀល​”​។​

​ស្រប​ជាមួយគ្នានេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាននិងកំពុង​ជំរុញ​ឱ្យ​ប្រតិបត្តិ​ករ​ទូរ​សព្ទ​ចល័ត​ផ្លាស់ប្ដូរ​គ្រឿង​សម្ភារៈ​បរិក្ខារ និង​បច្ចេកវិទ្យា ព្រមទាំង​សាងសង់​ស្ថានីយ​អង់​តែ​ន​បន្ថែម ដើម្បី​ពង្រីក​វិសាលភាព​គ្របដណ្តប់ និង​ពង្រឹងគុណភាព នៃ​សេវា​ផងដែរ​។​

​អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ចូលរួម​សហការ​ដើម្បី​ធ្វើឱ្យ​គុណភាព សេវា​ទូរ​សព្ទ​ចល័ត​មាន​ភាពប្រសើរឡើង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close