អង្គការ HALO Trust ផ្តល់ដីសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១លាននាក់ ក្នុងរយៈពេល ៣០ឆ្នាំ
នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅទឹកដីខេត្តសៀមរាប ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន ទី ១ អាជ្ញាធរ មីន បានជាអធិបតីក្នុងពិធីអបអរសាទរខួបទី ៣០ឆ្នាំ នៃការងារបោសសម្អាតមីនមនុស្សធម៌របស់អង្គការ HALO Trust នៅកម្ពុជា ចាប់ពីឆ្នាំ១៩៩២ ជាមួយលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ។
រយៈពេល ៣០ឆ្នាំ ក្នុងបេសកកម្មការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា អង្គការ HALO Trust ប្រចាំនៅកម្ពុជា បានចូលរួមផ្តល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋកម្ពុជានៅតាមសហគមន៍ប្រមាណជា ១លាននាក់ បោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រោះ ក្នុងទំហំផ្ទៃដី ៤៣៣ គីឡូម៉ែត្រក្រឡា រកឃើញនិងកម្ទេចចោលគ្រាប់មីនចំនួន ៣២២.៥១៥ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២១២.២៦០។
ឆ្នាំ១៩៩២ គឺជាការចាប់ផ្តើមបោសសម្អាតមីនមនុស្សធម៌គ្រប់ជ្រុងជ្រោយនៅកម្ពុជា ដើម្បីចូលរួមជួយដល់ការធានាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសការឆ្លើយតបនឹងតម្រូវការមនុស្សធម៌បន្ទាន់មួយ និងដើម្បីមាតុភូមិនិវត្តន៍ និងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដែលក្រោយមកទៀតសកម្មភាពមីនបានវិវត្តន៍ពីដំណាក់កាលកសាងឡើងវិញក្រោយជម្លោះប្រដាប់អាវុធ ទៅជាដំណាក់កាលឆ្លើយតបនឹងការអភិវឌ្ឍ។
អង្គការ HALO Trust គឺជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដំបូងគេ ដែលមកជួយកម្ពុជា ក្នុងការចាប់ផ្តើមបោសសម្អាតមីននៅក្នុងប្រទេស និងបានចូលរួមដឹកនាំក្នុងវិស័យនេះរហូតដល់ពេលបច្ចុប្បន្ន។ ចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០២២ អ្នកដោះមីនអង្គការ HALO Trust បានជួបគ្រោះថ្នាក់ក្នុងកំឡុងពេលកំពុងប្រតិបត្តិការ ៥០នាក់ ក្នុងនោះបានពលីចំនួន ៩នាក់។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានកោតសរសើរចំពោះសមត្ថភាពប្រកបដោយវិជ្ជាជីវៈរបស់បុគ្គលិកអង្គការ HALO Trust ដែលបានលះបង់ និងចូលរួមដល់ការងារបោសសម្អាតមីន និងជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ទោះបីជាមានស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ បច្ចុប្បន្ននេះ អង្គការ HALO Trust មានបុគ្គលិកជាង ១១០០នាក់ (បរទេស ៦នាក់) ក្នុងនោះបុគ្គលិកជាស្ត្រី ៤៦%។
ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជា និងសម្តេចតេជោ នាយករដ្ឋមន្ត្រី ឯកឧត្ដម ទេសរដ្ឋមន្ត្រី បាន ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏សប្បុរសរបស់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដល់ការចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន និងការរួមចំណែកដែលមិនអាចខ្វះបានរបស់ អង្គការ HALO Trust ដើម្បីធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។
ឯកឧត្ដម បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងសម្របសម្រួលរបស់លោកជំទាវ Tina Redshaw ដែលបានតស៊ូយ៉ាងខ្លាំងក្លាដើម្បីគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ទោះបីជាចក្រភពអង់គ្លេស បានកាត់បន្ថយថវិកាសម្រាប់សកម្មភាពមីនជាសាកលក៏ដោយ ក៏លោកជំទាវ Tina បានធ្វើការយ៉ាងស្វិតស្វាញដើម្បីធានាឱ្យមានផលប៉ះពាល់អប្បបរមាមកលើកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។