សម្ដេច​តេ​ជោ អនុវត្ត​នូវ​យុទ្ធសាស្ត្រ២ នោះ​គឺ​ត្រី​ណា​មកដល់​មុន​គឺ​ចាប់យក​ត្រី​នោះ និង​ត្រូវ​ធ្វើយ៉ាងណា ឲ្យ​ក្រុមហ៊ុន​ទាំងអស់ ដែល​មក​កម្ពុជា មាន​ជំនឿ​ចិត្ត​ចំពោះ​កម្ពុជា​

​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​អង្គារ ១៣​រោច ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ នេះ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក យ៉ូ​ស៊ី​ហ៉ី​សា កៃ​នុ​ម៉ា (Yoshihisa Kainuma) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មី​នី​បៀ (Minebea Mitsumi) ចូលជួប​សម្តែង​ការគួរ និង​ពិភាក្សា​កិច្ច​មួយចំនួន​ពាក់ព័ន្ធ​ការវិនិយោគ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​។​

​លោក កៃ​នូ​ម៉ា បាន​គោរព​រាយការណ៍​ជូន សម្ដេច​តេ​ជោ​ ​ពី​វឌ្ឍនភាព​របស់​ក្រុមហ៊ុន ១០​ឆ្នាំកន្លងមក ដែល​ក្នុងនោះ ក្រុមហ៊ុន​បានដាក់​ទុនវិនិយោគ សរុប​ប្រមាណ ១.១២៤​ពាន់​លាន​យ៉េន នៅ​ទូទាំង​ពិភពលោក ដែលមាន ៩៥​កន្លែង ។

​លោក កៃ​នូ​ម៉ា បាន​គោរព​ជម្រាបជូន សម្ដេច​តេ​ជោ​បន្តថា ក្រុមហ៊ុន​របស់លោក គឺ​យកចិត្តទុកដាក់​ខ្លាំង​ទៅលើ​គុណភាព តម្លៃ សេដ្ឋកិច្ច សេវា​ល្អ និង​ល្បឿន​លឿន និង​ជាពិសេស​ទៅទៀត​នោះ គឺ​យកចិត្តទុកដាក់​ខ្លាំង ទៅលើ​វិស័យ​បរិស្ថាន ។​

​លោក កៃ​នូ​ម៉ា បាន​បន្ថែមថា រោងចក្រ​របស់លោក​ផលិត​ភ្លើង​អំពូល​អិ​ល​អ៊ី​ឌី 100% នៅ កម្ពុជា ហើយ​បាន​នាំ​ចេញទៅ លើ​ទីផ្សារ​ទូទាំង​ពិភពលោក ។ ដោយឡែក​នៅ​កម្ពុជា​ក្រុមហ៊ុន​បាន​តំឡើង អំពូល LED បាន​ចំនួន 18.880 អំពូល ដែល​ក្នុងនោះ បាន​ជួយ​ដល់​ការកាត់បន្ថយ​ការប្រើប្រាស់​អគ្គិសនី​ផង ការកាត់បន្ថយ​ការ​សាយភាយ​ឧស្ម័ន កាបូ​និ​ច​ផង ព្រមទាំង​កាត់បន្ថយ ការចំណាយ​លើ អគ្គិសនី​ប្រមាណ​១​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ផង​។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក កៃ​នូ​ម៉ា បាន​គោរព​ថ្លែងអំណរគុណ សម្ដេច​តេ​ជោ​, មន្ត្រី​សុខាភិបាល , ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំងអស់ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត TYDA ដែល​បាន​យកចិត្តទុកដាក់​ជួយ​ដល់ក​ម្មករ ក្រុមហ៊ុន​ឲ្យ​រួច​ផុតពី​ការ​រាតត្បាត ពី​ជំងឺ​កូ​វីដ​-១៩, ដោយ​ក្នុងចំណោម កម្មករ​ជាង ៦​ពាន់​នាក់ មានតែ​កម្មករ​ចំនួន ៧៨​នាក់​ប៉ុណ្ណោះ ដែល​បាន​ឆ្លង​ជំងឺ covid-19 ហើយ​រោងចក្រ​របស់លោក នៅ​បន្ត​ដំណើរការ​ជា​រៀងរហូត ពុំមាន​ការខកខាន​ក្នុង​ចង្វាក់​ផលិតកម្ម និង​ចង្វាក់​ផ្គត់ផ្គង់​ឡើយ ។ លោក​កៃ​នូ​ម៉ា បាន​គោរព​អញ្ជើញសម្ដេច​តេ​ជោ​ជា​អធិបតី​ក្នុង ពិធី​ខួប​ទី ១០​ឆ្នាំ នៃ​វត្តមាន​របស់​ក្រុមហ៊ុន មី​នី​បៀ នៅ​កម្ពុជា ។

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ បាន​ថ្លែងអំណរគុណ ចំពោះ​លោក​កៃ​នូ​ម៉ា ដែល​បាន​រាយការណ៍ អំពី​វឌ្ឍនភាព​របស់​ក្រុមហ៊ុន រយៈពេល ១០​ឆ្នាំកន្លងមក ហើយ​បាន​សម្ដែង​នូវ​ការរីករាយ​និង​សាទរ​ជូន​ចំពោះ ក្រុមហ៊ុន ដែល​រយៈពេល ១០ ឆ្នាំកន្លងមក ទទួលបាន​ជោគជ័យ​, ពង្រីក​សកម្មភាព​រប​ស់​ខ្លួន ជា​បន្តបន្ទាប់​។​
​សម្ដេច​តេ​ជោ បាន​ថ្លែងអំណរគុណ​ផងដែរ ដល់​លោក​កៃ​នូ​ម៉ា ដែល​បាន​ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​19 ហើយ​សម្តេច​តេ​ជោ ក៏បាន​ទទួលយក​ការអញ្ជើញ ជា​អធិបតី ក្នុង​ពិធី​ខួប ១០ ឆ្នាំ របស់​ក្រុមហ៊ុន​មី​នេ​បៀ​នៅ​កម្ពុជា ។​

​សម្ដេច​តេ​ជោ បាន​រំឭក​អំពី​ប្រវត្តិ​ក្រុមហ៊ុន​មី​នី​បៀ ជាពិសេស​នៅពេលដែល​ក្រុមហ៊ុន​សម្រេចចិត្ត​មក​វិនិយោគ នៅ​កម្ពុជា​ដែល​ពេលនោះ សម្ដេច​តេ​ជោ បាន​អនុវត្ត​នូវ​យុទ្ធសាស្ត្រ ២ នោះ​គឺ​ត្រី​ណា​មកដល់​មុន​គឺ​ចាប់យក​ត្រី​នោះ និង​ត្រូវ​ធ្វើយ៉ាងណា ឲ្យ​ក្រុមហ៊ុន​ទាំងអស់ ដែល​មក​កម្ពុជា មាន​ជំនឿ​ចិត្ត ចំពោះ​កម្ពុជា ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close