អាជ្ញាធរខេត្តក្រចេះអំពាវដល់ពលរដ្ឋបញ្ឈប់ការទន្រ្ទានយកដីរបស់រដ្ឋ
(ក្រចេះ) ៖ ក្រោយពីមានការលើកគ្នាតវ៉ារបស់បងប្អូនប្រជាពលរដ្ឋឲ្យមានការកាត់ឆ្វៀលដីសម្បទានដល់ពួកគាត់ស្ថិតនៅ ឃុំកំពង់ចាម ឃុំវឌ្ឍនៈ ស្រុកសំបូរ និង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ អាជ្ញាធរខេត្តក្រចេះ បានធ្វើការអំពាវនាវដល់ពលរដ្ឋបញ្ឈប់សកម្មភាពកាប់ទន្រ្ទានដីរដ្ឋថែមទៀត។
លោកកៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានថ្លែងថា ទីតាំងដីដែលបងប្អូនប្រជាពលរដ្ឋស្នើសុំវាស់វែងកាត់ឆ្វៀលនោះ អាជ្ញាធរខេត្តមិនអាចកាត់ឆ្វៀលដីបន្តទៀតបាននោះទេ ដោយទីតាំងនោះមុនឆ្នាំ២០០៨ មានទំហំសរុប ១២ ២០០, ២៩ហិកតា។ ហើយមុននឹងរាជរដ្ឋាភិបាលប្រគល់សិទ្ធិវិនិយោគជាដីសម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុន ស៊ីអេចភីប៊ី ឌីវេឡុបមេន ក្រុមការងារចម្រុះថ្នាក់ជាតិ-ថ្នាក់ខេត្ត បានចុះសិក្សា និងកាត់ឆ្វៀលផលប៉ះពាល់រួចរាល់ នៅសល់ផ្ទៃដីទំហំ ៨ ៦៨៦ ហិកតា សម្រាប់ផ្តល់សិទ្ធិវិនិយោគជូនក្រុមហ៊ុនតាមលិខិតលេខ៥១០ សជណ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០០៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
លោកបន្ថែមថា នាអំឡុងយុទ្ធនាការអនុវត្តបទបញ្ជាលេខ០១បប បានចុះវាស់វែង និងផ្ដល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋអស់ផ្ទៃដីទំហំ២ ០០៨, ៨៤ហិកតា។ ក្រោយពីបញ្ចប់បទបញ្ជា០១បប ប្រជាពលរដ្ឋបានបន្តចូលកាន់កាប់ អស់ផ្ទៃដីមួយភាគធំ។ កន្លងទៅថ្មីៗនេះ អាជ្ញាធរមានសមត្ថកិច្ចបានចុះកំណត់ផលប៉ះពាល់របស់ប្រជាពលរដ្ឋរួចហើយ។ ផ្ទៃដីដែលនៅសល់ជាដីព្រៃមិនទាន់មានការប្រើប្រាស់ និង ដីដែលក្រុមហ៊ុនបានឈូសឆាយដាំដុះ ទំហំ ២ ៦៨៦,៨៦ហិកតា បានកាយក្រវាត់ព្រំរួច ដើម្បីចុះបញ្ជីជាដីឯកជនរបស់រដ្ឋ។
លោកប្រធានអំពាវនាវដល់ពលរដ្ឋឱ្យឈប់ជឿលើការញុះញង់របស់មេខ្យល់ដែលកៀងគរឱ្យចូលទៅកាប់ទន្រ្ទានហ៊ុមព័ទ្ធយកដីរបស់រដ្ឋ ដោយខុសច្បាប់បន្តទៀត។ ប្រសិនបើបងប្អូនណាខ្វះខាតដី ឬអត់ដី សម្រាប់ប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារពិតប្រាកដ សូមអញ្ជើញទៅដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ច នៅតាមភូមិឃុំសាម៉ីដែលខ្លួនរស់នៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។