គម្រោង​ថ្មី​ចំនួន​២​ទៀត បោះទុន​ជាង ១៤​លាន​ដុល្លារ នឹង​បើក​ដំណើរការ​នៅ​កម្ពុជា​

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​អនុម័ត​ឲ្យ​គម្រោង​ថ្មី​ចំនួន ២​ទៀត​បន្ថែម បើក​ដំណើរការ ក្នុង​ទំហំ​ទុនវិនិយោគ​ជាង ១៤​លាន​ដុល្លារ និង​បានផ្តល់​ការងារ​ជិត ៤ ០០០​កន្លែង​។​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១. MILANNA LEATHERWARE M.F.Y (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែក្រវាត់ និង​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្របី​ត្រាំ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ ៩,២​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៤១៤​កន្លែង​។​

២. BEST BEAUTY COMPANY LIMITED គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​តា​ព្រីង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៥,១​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២.២៣៦​កន្លែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close