កម្ពុជា ជំរុញ​បង្កើន​ជើងហោះហើរ​ជាមួយ​សិង្ហ​បុរី​បន្ថែម ដើម្បី​ទាក់ទាញ​លំហូរ​ទេសចរ​អន្តរជាតិ នៅពេល​ស៊ី​ហ្គេម​២០២៣

​ភ្នំពេញ​៖ នៅពេល​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៉ី​ហ្គេម​ឆ្នាំ​២០២៣​ឈានចូល​មកដល់ នឹងមាន​តម្រូវការ​ធ្វើដំណើរ​មក​កាន់​កម្ពុជា​កាន់តែច្រើន ដែល​រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវ​ជំរុញ​បង្កើន​ការហោះហើរ​ពី​បរទេស ក្នុងនោះ​កម្ពុជា​សម្លឹង​ឃើញ​ច្រក​ផ្លូវអាកាស​ដ៏​ចម្បង​មួយ​ក្នុងការ​ដឹកជញ្ជូន​ទេសចរ នោះ​គឺ​ការបង្កើន​ជើងហោះហើរ​ជាមួយ​សិង្ហ​បុរី​។​

​នៅក្នុង​ជំនួប​ពិភាក្សា​រវាង​ឯកឧត្ដម ទិ​ត ចន្ថា រដ្ឋមន្ត្រី​ស្ដីទី​ក្រសួងទេសចរណ៍ ជាមួយ​ឯកឧត្ដម ថុង អ៉ី​ដ​វីន (Tong Edwin) រដ្ឋមន្ត្រីក្រសួង​វប្បធម៌ សហគមន៍ និង​យុវជន​សិង្ហ​បុរី នា​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ ភាគី​ទាំងពីរ​បានលើកឡើង​ពី​ការជំរុញ​បង្កើន​ជើងហោះហើរ​ជាមួយគ្នា​បន្ថែមទៀត ដើម្បី​ទាក់ទាញ​កំណើន​ទេសចរ​អន្តរជាតិ​មកកាន់​កម្ពុជា ពិសេស​ត្រៀមលក្ខណៈ​ក្នុងការ​ដឹកជញ្ជូន​អ្នកដំណើរ និង​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​នៅពេល​ស៉ី​ហ្គេម​មកដល់​។​

​ភាគី​ទាំងពីរ​បានលើកឡើង​អំពី​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​កម្ពុជា​-​សិង្ហ​បុរី​របស់​ក្រុមហ៊ុន​អាកា​ចរណ៍​សិង្ហ​បុរី (Singapore Airline) និង​ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេងទៀត ដែលជា​កត្តា​សំខាន់​ក្នុងការ​ជំរុញ​ទេសចរ​អន្តរជាតិ​មកកាន់​កម្ពុជា ខណៈ​សិង្ហ​បុរី​គឺជា​ច្រក​ផ្លូវអាកាស​ដ៏​សំខាន់​ក្នុង​ការនាំ​ភ្ញៀវទេសចរ​អន្តរជាតិ​ទៅកាន់​ប្រទេស​នានា​ក្នុង​តំបន់ និង​សកលលោក​។​

​នាឱកាស​នោះ ឯកឧត្ដម ទិ​ត ចន្ថា បាន​លើកឡើងថា ស្របពេល​ជាមួយ​ព្រឹត្តិការណ៍​កីឡា​ស៉ី​ហ្គេម កម្ពុជា​បានប្រកាស​ដាក់​ឆ្នាំ​២០២៣​ជា​ឆ្នាំ​ទស្សនា​កម្ពុជា (Visit Cambodia 2023) ដើម្បី​ជួយ​ជំរុញ​កំណើន​ភ្ញៀវទេសចរ សកម្មភាព​សេដ្ឋកិច្ចសង្គម​នៅ​ទូទាំងប្រទេស​។​ ​ឯកឧត្ដម​ថា «​នៅពេល​ស៉ី​ហ្គេម នឹងមាន​តម្រូវការ​ធ្វើដំណើរ​មក​កាន់​កម្ពុជា​ច្រើនណាស់ ហើយ​សង្ឃឹមថា​សិង្ហ​បុរី​បង្កើន​ការហោះហើរ​»​។​

​ឯកឧត្ដម​បាន​បន្តថា សិង្ហ​បុរី​នឹង​ក្លាយជា​ប្រទេស​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ដឹកជញ្ជូន​អ្នកដំណើរ​និង​ភ្ញៀវទេសចរ​មកកាន់​កម្ពុ​ជា ដោយសារ​ប្រទេស​នេះ​ជា​សមាជិក​អាស៊ាន​ផង ហើយ​ត​ភ្ជាប់​ជើងហោះហើរ​មកពី​ជុំវិញ​ពិភពលោក​ជាមួយ​កម្ពុជា​ផងដែរ​។​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ស្ដីទី​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​បន្ថែម​ថា កម្ពុជា​និង​សិង្ហ​បុរី​សង្ឃឹមថានឹង​មានការ​បង្កើន​ជើងហោះហើរ​ជាមួយគ្នា​បន្ថែមទៀត ដើម្បី​ត្រៀមខ្លួន​និង​ទាក់ទាញ​កំណើន​ទេសចរ​អន្តរជាតិ​មកកាន់​កម្ពុជា ពិសេស​គឺ​ត្រៀមលក្ខណៈ​នៅពេល​ស៉ី​ហ្គេម​មកដល់​។​

​គួរ​ជម្រាប​ថា ទោះបី​មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ជាង​២​ឆ្នាំ​ក៏ពិតមែន ប៉ុន្តែ​សកម្មភាព​ជើងហោះហើរ​ទៅមក​កម្ពុជា​-​សិង្ហ​បុរី​មិនបាន​បិទ​ទាំងស្រុង​នោះទេ គ្រាន់តែ​កាត់បន្ថយ​ការហោះហើរ​ខ្លះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ផ្អាក​នៅ​ខេត្តសៀមរាប ប៉ុន្តែ​ក្រោយពេល​អាស៊ាន​ប្រកាស​បើក​ទេសចរណ៍​ឡើងវិញ ក្រុមហ៊ុន​អាកាសចរ​សិង្ហ​បុរី​ក៏បាន​ចាប់ផ្ដើម​ហោះហើរ​ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​វិញ និង​បាន​បង្កើន​ការហោះហើរ​ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​វិញ​ដែរ​។​

​ភាពល្អប្រសើរ​ឡើងវិញ​នេះ ក៏ដោយ​សារ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​គ្រប់គ្រង​សភាពការណ៍​កូ​វីដ​១៩​ឡើងវិញ ក្នុងនោះ​មានការ​បង្កើន​ជើងហោះហើរ​មកកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​កម្ពុជា​ផងដែរ ដូចជា រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ​។ ​រយៈពេល​៦​ខែ ឆ្នាំ​២០២២​នេះ មាន​ភ្ញៀវទេសចរ​អន្តរជាតិ​មកកាន់​កម្ពុ​ជាមាន​ប្រមាណ​ជាង​កន្លះ​លាន​នាក់ និង​ទេសចរ​ផ្ទៃក្នុង​ប្រមាណ​៥​លាន​នាក់​ទៀត​។ នេះ​បើតាម​ការបន្ថែម​របស់​ឯកឧត្ដម ទិ​ត ចន្ថា​។​

​ភាគី​កម្ពុជា​-​សិង្ហ​បុរី​បាន​រំលឹក​ពី​ការប្រកាស​បើក​ទេសចរណ៍​អាស៊ាន​កាលពីដើមឆ្នាំ​២០២២ ខណៈដែល​កម្ពុជា​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន ក្រោម​ការឯកភាព​ពី​បណ្ដា​ប្រទេស​ជា​សមាជិក ក្នុងនោះ​កិច្ចសហប្រតិបត្តិការ ការគាំទ្រ​គ្នា​ទៅវិញទៅមក​រវាង​កម្ពុ​ជា​និង​សិង្ហ​បុរី​ក៏មាន​ការរីកចម្រើន​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close