សវនករស្ថាប័នធានាគុណភាពជប៉ុន ធ្វើសវនកម្មផ្ទៃក្រៅ តាមដានការងារបរិស្ថាន-អង្គរ
នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានបើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance ហៅកាត់ថា(JQA)។ គោលបំណងនៃសវនកម្មតាមដានគឺដើម្បីបញ្ជាក់ថាអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ បន្តកិច្ចការអនុលោមស្របតាមតម្រូវការស្តង់ដារ ISO14001 ដែរឬទេ។
តំណាងស្ថាប័ន JQA និងជាសវនករលោក ម៉ាម៉ូរុ យ៉ាម៉ាដា (Mamoru YAMADA) បានលើកឡើងតាមរយៈវីដេអូ Zoom ថា ចំណុចដែលត្រូវយកមកពិនិត្យនៅក្នុងសវនកម្មផ្ទៃក្រៅនាពេលនេះ មានដូចតទៅ៖ ទី១ ពិនិត្យលើសវនកម្មផ្ទៃក្នុង និងត្រួតពិនិត្យការគ្រប់គ្រង ទី២ ពិនិត្យសវនកម្មលើកមុនដែលមិនមានភាពមិនអនុលោម ទី៣ ឆ្លើយតបរបស់អាជ្ញាធរជាតិអប្សរាទៅនឹងការតវ៉ាផ្សេងៗពីមជ្ឍដ្ឋានខាងក្រៅ បើសិនមានការតវ៉ាកើតឡើងនៅឆ្នាំមុន ទី៤ ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន ទៅលើការសម្រេចគោលបំណង ទី៥ ស្ថានភាពរីកចម្រើនទៅមុខសម្រាប់សកម្មភាពកែលម្អជាបន្តបន្ទាប់ ទី៦ ការគ្រប់គ្រងប្រតិបត្តិការជាប្រចាំដែលបានចារនៅក្នុងសៀវភៅគ្រប់គ្រងបរិស្ថាន ទី៧ ការផ្លាស់ប្តូរផ្សេងៗនៅក្នុងប្រព័ន្ធគ្រប់គ្រង ទី៨ ភាពសមស្របនៃការប្រើប្រាស់ស្លាកសញ្ញាចុះបញ្ជី និងការបោះពុម្ពផ្សាយ ព័ត៌មានដែលបានចុះបញ្ជី។
សូមជម្រាបថា សវនកម្មនេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២២ ដោយពិនិត្យវាយតម្លៃនៅតាមនាយកដ្ឋានអង្គភាពចំណុះឱ្យអាជ្ញាធរជាតិអប្សរា និងនៅតាមរណីយដ្ឋានអង្គរដោយផ្ទាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។