មនុស្ស​២​នាក់ បាន​ស្លាប់ ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ នៅ​ខេត្ត​យ៉ា​ឡា ភាគខាងត្បូង​ប្រទេស​ថៃ​

​ជនសង្ស័យ​ក្នុងករណី​បង្ក​អសន្តិសុខ ចំនួន​ពីរ​នាក់​ត្រូវបាន​សម្លាប់ នៅក្នុង​ការបាញ់ប្រហារ​មួយ ជាមួយ​កងកម្លាំង​សន្តិសុខ​ក្នុងស្រុក មួង​(Muang) ខេត្ត​យ៉ា​ឡា ភាគខាងត្បូង​ប្រទេស​ថៃ​នៅ​ថ្ងៃទី​២៦ កក្កដា ២០២២​នេះ​។​

​ទាហាន នគរបាល និង​មន្ត្រី​មូលដ្ឋាន​បាន​ឡោមព័ទ្ធ​សហគមន៍​មួយ នៅ​ខាងក្រោយ​ផ្សារ​ម៉ាក​ហ្សា​ស ឬ​មជ្ឈមណ្ឌល​ឥស្លាម​ដា​ហា ក្នុង ឃុំ សត្យា​ណុ​ក ប្រហែល​ម៉ោង​៦​ព្រឹក​។​នេះ ជា​ប្រតិបត្តិការ ក្រោយ​ដឹង ព័ត៌មាន​ថា ក្រុម​បះបោរ​លាក់ខ្លួន​នៅក្នុង​តំបន់​នោះ​។​

​បន្តិចក្រោយមក កាំភ្លើង​បាន​ផ្ទុះឡើង ខណៈដែល​ពួកគេ បាន ប៉ះទង្គិច​ជាមួយ​ក្រុម​ប្រដាប់អាវុធ​។​ក្រោយ មក បុរស​ពីរ​នាក់ ដែលមាន​ឈ្មោះ​តាម​ដីកា ចាប់ខ្លួន​ក្នុង​សំណុំរឿង​សន្តិសុខ បាន​ស្លាប់​។ ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ ស្លាប់​លើ ដំបូលផ្ទះ និង​ម្នាក់ទៀត​នៅក្នុង​ផ្ទះ​។

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ដែរ​ថា លោក ឧ​ត្ត​ម​សេនីយ៍​ទោ Thinnakorn Rangmart ស្នងការ​នគរបាល​ខេត្ត​យ៉ា​ឡា បាន បញ្ជា​ភ្លាមៗ​ដល់​ប៉ុស្តិ៍នគរបាល ប៉ុស្តិ៍​ប្រតិបត្តិការ​ពិសេស និង អង្គភាព សេវាសាធារណៈ​ឱ្យមាន​ការប្រុងប្រយ័ត្ន ព្រោះ​គាត់​ជឿថា ក្រុម​បះបោរ អាច​នឹង​រៀបចំ​ផែនការ​វាយប្រហារ​សង​សឹក​វិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close