ក្រសួងទេសចរណ៍ បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ “​សហគ្រិនភាព ទេសចរណ៍ បដិសណ្ឋារកិច្ច ការគ្រប់គ្រង​សហគមន៍ និង​ជំនាញ​ចុងភៅ​ចម្អិន​ម្ហូបអាហារ​” សម្រាប់​សហគមន៍​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ស្រែអំពិល

​ខេត្តកំពង់ឆ្នាំង​៖ កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២២ ក្រុមការងារ​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ និង​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សហគ្រិន​ខ្មែរ (Khmer Enterprise) និង​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បានរៀបចំ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​សហគ្រិនភាព ទេសចរណ៍ បដិសណ្ឋារកិច្ច ការគ្រប់គ្រង​សហគមន៍ និង​ជំនាញ​ចម្អិន​ម្ហូបអាហារ​” សម្រាប់​សហគមន៍​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ស្រែអំពិល ក្នុង​ខេត្តកំពង់ឆ្នាំង​។​

​ពិធី​បើក​វគ្គ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក កែន សុ​ភី អនុប្រធាននាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ និង​ជា​សមាជិក​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ និង​លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​។​
​វគ្គ​បណ្តុះបណ្តាល​នេះ មាន​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧-៣១ ខែកក្កដា ឆ្នាំ​២០២២​។​

​គួរ​បញ្ជាក់ថា ក្រសួងទេសចរណ៍ បាន​ចុះ​អនុស្សារណៈ​យោគយល់​ជាមួយ​សហគ្រិន​ខ្មែរ កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២១ ដែលមាន ឯកឧត្តម ថោង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្តម​បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ អគ្គនាយក​សហគ្រិន​ខ្មែរ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដោយ​ផ្តោតលើ “​ការជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង និង​លើកកម្ពស់​សកម្មភាព​ទេសចរណ៍​ក្នុង​សហគមន៍​ក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩” ដើម្បី​ជំរុញ​ចលនា​ទេសចរណ៍​ទៅកាន់​តំបន់​សហគមន៍​ទេសចរណ៍​សំខាន់ៗ​ចំនួន ៥ រួមមាន​សហគមន៍​អេកូ​ទេសចរណ៍​ទឹក​ជប់​ខ្នារ​ពោធិ៍ និង​សហគមន៍​ទេសចរណ៍​ច​ង្ក្រា​ន្ត​រយ​ក្នុង​ខេត្តសៀមរាប សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ​ក្នុង​ខេត្តបាត់ដំបង សហគមន៍​ទេសចរណ៍​រាំង​ខ្វាវ​ក្នុង​ខេត្តពោធិសាត់ និង​សហគមន៍​ទេសចរណ៍​ស្រែអំពិល​ក្នុង​ខេត្តបាត់ដំបង​។

​សកម្មភាព​សំខាន់ៗ​ក្នុង​គម្រោង​នេះ រួមមាន​ការផ្តល់ជូន​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ចាំបាច់​មួយចំនួន ការបណ្តុះ​គំនិត​សហគ្រិនភាព​នៅតាម​សហគមន៍ ការរៀបចំ​វីដេអូ​ផ្សព្វផ្សាយ​អំពី​តំបន់​សហគមន៍ ការដាក់​ស្លាក​សញ្ញា​ចង្អុល​ទីតាំង​សហគមន៍ និង​ការសហការ​ជាមួយ​វិស័យ​ឯកជន​ក្នុងការ​ផ្សព្វផ្សាយ​តំបន់​ខាងលើ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close