សម្ដេច​ ស ខេង៖ ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌ កំពុង​ពិភាក្សា​អំពី​ដំណើរការ អនុវត្ត​ទោស​ក្នុង​សហគមន៍ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានទទួល​ជួប​លោកស្រី Roueida EI Hage ប្រធាន​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងឱកាស​នោះ សម្ដេច​ក្រឡាហោម បាន​ស្វាគមន៍​ចំពោះ​លោកស្រី​ដែល​ទទួល​ការតែងតាំង​ជា​ប្រធាន​ថ្មី​នៃ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់ និង​មាន​សេចក្ដី​ពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងមហាផ្ទៃ ជាមួយនឹង​ឧ​ត្ត​ម​ស្នងការ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​។ ស​ម្ដេចក៏​សង្ឃឹមថា វត្តមាន​លោកស្រី​នឹង​បន្ត​ជំរុញ និង​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំងពីរ​ឱ្យ​កាន់តែ​រីកចម្រើន​។​

​លោកស្រី Roueida EI Hage ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ក្រឡាហោម ដែល​បានអនុញ្ញាត​ឲ្យ​លោកស្រី​ចូលជួប​នាឱកាស​នេះ និង​បាន​ជម្រាបជូន​សម្ដេច​ដែរ​ថា ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ មាន​អវត្តមាន​នៅ​កម្ពុជា​ប្រមាណ​ជិត​៣០​ឆ្នាំ​មកហើយ និង​តែងតែមាន​កិច្ចសហការ​ល្អជា​មួយ​ភាគី​កម្ពុជា​។​

​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងមហាផ្ទៃ លោកស្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ក្រឡាហោម ដែល​បាន​ផ្តល់នូវ​ការគាំទ្រ​ដល់​បេសកកម្ម​ការងារ​របស់​ការិយាល័យ ជាពិសេស​គឺ​ការគាំទ្រ​ការចុះ​ធ្វើ​ទស្សនកិច្ច​តាម​បណ្ដា​ពន្ធនាគារ ដើម្បី​ផ្ដល់​ការគាំទ្រ​ចាំបាច់​នានា​ដល់​ការងារ​ពន្ធនាគារ​។ ​លោកស្រី​ក៏​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ផងដែរ រវាង​ការិយាល័យ​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ចំពោះ​ការចែករំលែក​នូវ​ព័ត៌មាន ក៏ដូចជា​ទិន្នន័យ​ដ៏​ចាំបាច់​នានា​បម្រើ​ដល់​ការងារ​របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ជាការ​ឆ្លើយតប សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងអំណរគុណ​លោកស្រី ក៏ដូចជា​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស ដែល​កន្លងមក​បាន​ជួយ​គាំទ្រ​ដល់​គម្រោង​នានា​លើ​ការងារ​ពន្ធនាគារ​។ សម្តេច​ក៏​យក​ឱកាស​នេះ​ជម្រាប​លោកស្រី​ផងដែរ​ថា បន្ទាប់ពី​ការអនុវត្ត​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន ពន្ធនាគារ​កម្ពុជា ក៏​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ដោយសារ​ចំនួន​កើនឡើង​នៃ​អ្នក​ជាប់ឃុំ​។​

​ចំពោះ​អ្នកពាក់ព័ន្ធ​ទៅនឹង​បទល្មើស​គ្រឿងញៀន​នេះ សម្ដេច​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងមហាផ្ទៃ ក៏​កំពុងតែ​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ​តាមរយៈ​ការបន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ពន្ធនាគារ​បន្ថែម​នៅតាម​បណ្ដា​រាជធានី ខេត្ត ព្រមទាំង​សាងសង់​មជ្ឈមណ្ឌល​ស្ដារនីតិសម្បទា និង​បន្សាប​គ្រឿងញៀន​។

​សម្ដេច​ក៏បាន​ជម្រាបជូន​ដែរ​ថា ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌ ក៏​កំពុង​ពិភាក្សា​អំពី​ដំណើរការ អនុវត្ត​ទោស​ក្នុង​សហគមន៍ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ក៏ដូចជា​ការសាកល្បង​អនុវត្ត​ការដោះលែង​ឲ្យ​នៅក្រៅ​ឃុំ សម្រាប់​ប្រភេទ​បទល្មើស​ស្រាលៗ និង​ដោយ​ផ្អែកលើ​លក្ខខណ្ឌ​កំណត់​មួយចំនួន ដែល​កិច្ចការ​នេះ​ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌​កំពុង​ពិភាក្សាគ្នា ផ្អែកលើ​មូលដ្ឋាន​នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។​

​ជាការ​ឆ្លើយតប លោកស្រី​បាន​ថ្លែងអំណរគុណ​ជាថ្មីទៀត​ជូន​សម្ដេច​ក្រឡាហោម ដែល​បាន​ផ្តល់ជូន​ព័ត៌មាន​មួយចំនួន​ពាក់ព័ន្ធ​ទៅនឹង​ការងារ​គ្រប់គ្រង​ពន្ធនាគារ​។ លោកស្រី​ក៏​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការធ្វើ​កិច្ចសហការ​ជាមួយ​ក្រសួងមហាផ្ទៃ ទៅលើ​ការងារ​ដែល​នៅក្នុង​អាណត្តិ​របស់លោក​ស្រី​នៅ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close