ការចូលរួម​របស់​ប្រជាពលរដ្ឋ ក្នុងការ​សាងសង់​សំណង់ នៅក្នុង​រមណីយដ្ឋាន​អង្គរ​

​យោងតាម​សេចក្តីសម្រេច​លេខ​៧០ សសរ ស្តីពី​ការកំណត់​បទដ្ឋាន​នៃ​ការប្រើប្រាស់​ដីធ្លី​នៅ​តំបន់​១ និង​តំបន់​២ ក្នុង​តំបន់​រមណីយដ្ឋាន​សៀមរាប​-​អង្គរ បាន​កំណត់ថា ប្រជាពលរដ្ឋ​ដែលមាន​លំនៅឋាន និង​រស់នៅ​យូរលង់​ណាស់​មកហើយ អាច​បន្ត​រស់នៅ​តទៅទៀត ដោយ​មិន​តម្រូវឱ្យ​ចាកចេញ​ពី​ភូមិដ្ឋាន​ឡើយ​។ អ្នកភូមិ​ទាំងនោះ អាច​រុះរើ ជួសជុលផ្ទះ​ចាស់ ទ្រុឌទ្រោម ដើម្បី​សាងសង់​ផ្ទះ​ថ្មី ជំនួស​ផ្ទះ​ចាស់​បាន ដោយមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​អប្សរា​។ ក៏ប៉ុន្តែ រាល់​ការសាងសង់​ផ្ទះ​ថ្មី ត្រូវ​ហាមឃាត់​ជាដាច់ខាត​។



លោក​ឡូយ អ៊ា​ត អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប​បានឱ្យដឹងថា លោក​រស់នៅក្នុង​មូលដ្ឋាន​នេះ​ជាច្រើន​ឆ្នាំ​មកហើយ ពោលគឺ​នៅមុន​ឆ្នាំ​១៩៩៣ ដោយ​ទទួលបាន​កេរ្តិ៍មរតក​ជា​ដីធ្លី​ទាំងនេះ​ពី​ដូនតា​មក​។ លោក​បន្តថា ដើមឡើយ​លំនៅឋាន​របស់លោក មាន​សភាព​ចាស់​ទ្រុឌទ្រោម​យ៉ាងខ្លាំង តែ​លោក​មិន​ហាន​ដាក់ពាក្យ​ស្នើសុំ​ជួសជុល​ឡើយ ព្រោះ​យល់ថា​អាជ្ញាធរ​ជាតិ​អប្សរា​មិន​អនុញ្ញាត​។ តែ​ក្រោយមក​លោក​ក៏​ទទួលបាន​ព័ត៌មាន​តាម​ការផ្សព្វផ្សាយ​ពី​ក្រុមការងារ​សហគមន៍​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​យូរលង់​ណាស់​មកហើយ អាច​ស្នើសុំ​ជួស​ជួល​ផ្ទះ​ចាស់​ទ្រុឌទ្រោម​បាន ទើប​លោក​សម្រេចចិត្ត​ដាក់ពាក្យ​ស្នើសុំ​ជា​បន្តបន្ទាប់​រហូត​អាច​ជួសជុល​លំនៅឋាន​របស់លោក បានល្អ​ប្រសើ​ដូច​សព្វថ្ងៃ​។​

លោក​បន្តទៀតថា ថ្មីៗ​នេះ​លោក​ទើប​ទទួលបាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា បន្ទាប់ពី​លោក​បានដាក់​ពាក្យស្នើសុំ ដើម្បី​ត​សំយាប​ប្រវែង​៣​ម៉ែត្រ​រៀបចំ​ជា​ពីរ​បន្ទប់ និង​ចាក់សាប​ខាងក្រោម​ផ្ទះ ដើម្បី​សម្រួល​ដល់​ការរស់នៅ ព្រោះថា​កូនៗ​ដែលមាន​ចំនួន​៨​នាក់ កាន់តែ​ធំ ក៏ត្រូវ​រៀបចំ​បន្ទប់​សម្រាប់​ពួកគេ​។​ ​បុរស​វ័យ​៦២​ឆ្នាំ​ខាងលើ បាន​រៀប​រាប់ទាំង​ក្តីសប្បាយ​រីករាយ​ទៀតថា លោក​ពិត​ជាមាន​មោទនភាព​យ៉ាងខ្លាំង​ដែល​បានរស់នៅ​និង​អាស្រ័យ​ផល​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ព្រោះថា​រមណីយដ្ឋាន​អង្គរ​ទាំងមូល​បានផ្តល់​ឱ្យ​រូបលោក និង​ប្រជាពលរដ្ឋ​ដទៃទៀត នូវ​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរ​មិនចេះ​រីងស្ងួត​។​

​ចំណែក​លោកស្រី ឈិន បូ​លីន អាយុ ៧១​ឆ្នាំ រស់នៅ ភូមិ​គោក​តា​ចាន់ សង្កាត់​គោកចក បាន​រៀបរាប់ថា លោកស្រី​បានរស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ​។ ចំណែក​ការសុំច្បាប់​សាងសង់​ឬ​ជួសជុលផ្ទះ មាន​ភាពងាយស្រួល មិនមាន​ភាពស្មុគស្មាញ​អ្វី​ឡើយ ដោយ​ធ្វើឡើង​តាមរយៈ​ភូមិ ឃុំ និង​បន្តទៅ​អាជ្ញាធរ​ជាតិ​អប្សរា​ប៉ុណ្ណោះ និង​មាន​ក្រុមការងារ​សហគមន៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ចុះមក​ពិនិត្យ​ទៅតាម​អ្វីដែល​យើង​បាន​ស្នើសុំ​។​

​លោក នង សុវណ្ណារិទ្ធ អនុប្រធាន​លេខាធិការដ្ឋាន​សហគមន៍​បានឱ្យដឹងថា ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​អង្គរ​ជា​យូរលង់​ណាស់​មកហើយ អាជ្ញាធរ​ជាតិ​អប្សរា មិនបាន​ហាមឃាត់​ការជួសជុល​ផ្ទះសម្បែង បន្ទប់ទឹក ច​ង្គ្រា​ន​បាយ ឬ​រោង​ចិញ្ចឹមសត្វ​របស់​ពួកគាត់​ឡើយ តែ​នៅពេល​ត្រូវការ​សាងសង់​ឬ​ជួស​ជួល​លំនៅស្ថាន​របស់ខ្លួន ពួកគាត់​ត្រូវតែ​ដាក់ពាក្យ​ស្នើសុំ​មក​អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​អាជ្ញាធរ​ភូមិ ឃុំ​ដែល​នៅ​ជិត​បំផុត​។ លោក​បន្តថា រាល់​ការដាក់​ពាក្យស្នើសុំ​របស់​ប្រជាពលរដ្ឋ​មិន​តម្រូវឱ្យ​បង់ប្រាក់​ឡើយ តែ​ពួកគាត់​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​៖ អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ លិខិតបញ្ជាក់​កម្មសិទ្ធិ​ដីធ្លី​ដែលមាន​ការបញ្ជាក់​ពី​អាជ្ញាធរ​ក្នុង​តំបន់​។​

​សូមបញ្ជាក់ថា​៖ ៦​ខែ​ដើមឆ្នាំ​២០២២​នេះ ក្រុមការងារ​លេខាធិកា​រដ្ឋា​ន​សហគមន៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ពិនិត្យ​ការស្នើសុំ​ជួសជុល និង​សាងសង់​តូចតាច ចំនួន​៩២៧​សំណើ ក្នុងនោះ​បានអនុញ្ញាត​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៦៨៣​សំណើ​។​

​សូម​ជម្រាប​ផងដែរ​ថា យោង​ខ្លឹម​សារសំខាន់ៗ​នៃ​បទបញ្ជា​លេខ​០២ ប​.​ប ស្តីពី​ការទប់ស្កាត់ និង​លុបបំបាត់ អំពើ​អនាធិបតេយ្យ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ខេត្តសៀមរាប បាន​កំណត់ថា​៖ អាជ្ញាធរ​ជាតិ​អប្សរា ជា​ស្ថាប័ន​ផ្តាច់មុខ​ក្នុង​ការចេញ​លិខិតអនុញ្ញាត​សាងសង់​សម្រាប់​ការស្ថាបនា​ទាំងឡាយ​ក្នុង​រង្វង់​តំបន់​រមណីយដ្ឋាន​អង្គរ​។ សំណង់​ដែល​បាន​សាងសង់​រួច ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវ​រុះរើ​ចេញ​វិញ​។​

​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ចាត់ការ​អនុវត្ត​ជាបន្ទាន់​បំផុត នូវ​ការចុះ​ស្រង់​ស្ថិតិ​ឈ្មោះ​ជនល្មើស និង​ទីតាំង​នី​យ​មួយៗ​ឱ្យបាន​ច្បាស់លាស់ រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​កាត់ទោស​តាមច្បាប់​ជា​ធរមាន និង​ត្រូវ​ទប់ស្កាត់​មិនឱ្យ​មាន​អំពើ​អនាធិបតេយ្យ កើតឡើង​ជាថ្មី​នៅ​តំបន់​ទាំងពីរ​នេះ​តទៅ​ទៀតឡើយ​។​ ​នោះដែរ​ដើម្បី​សំ​ដែន​នូវ​ការលើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​គោរព​ច្បាប់ ក្នុងការ​ស្នើសុំ​ច្បាប់​ជួសជុល និង​សាង​សង់ផ្ទះ កន្លងមក​អាជ្ញាធរ​ជាតិ​អប្សរា ក៏​ធ្លាប់​បានផ្តល់​ប័ណ្ណសរសើរ ដល់​ប្រជាពលរដ្ឋ​ដែល​បាន​សាងសង់​ផ្ទះ​ខ្មែរ​ស្របទៅតាម​ប្លង់​ស្ថាបត្យកម្ម​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ប្រគល់ជូន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close