ស្ពានផ្លូវរថភ្លើងខ្ពស់ជាងគេបំផុតក្នុងលោក ដាក់ដំណើរការនៅឥណ្ឌា
ស្ពានផ្លូវរថភ្លើងខ្ពស់បំផុតរបស់ពិភពលោក ដែលជាផ្នែកវិស្វកម្មប្រកបដោយមហិច្ឆតារបស់ឥណ្ឌា ឆ្លងកាត់ជ្រលងភ្នំក្នុងតំបន់កាស្មៀរ ត្រូវបានលោកនាយករដ្ឋមន្ត្រី Narenda Modi បើកដំណើរការជាផ្លូវការ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ស្ពាន Chenab ត្រូវបានឥណ្ឌាចំណាយពេលរាប់ទសវត្សរ៍សងសង់ឡើងមានរាងកោងកម្ពស់ ៣៥៩ម៉ែត្រ ពីលើទន្លេ Chenab ខ្ពស់ជាងកំពូលប៉ម Eiffel Tower របស់បារាំង ២៩ម៉ែត្រ។
ស្ពាន Chenab បានចំណាយលុយសាងសង់អស់ជាង ១៦០លានដុល្លារ និងមានប្រវែងសរុប ១.៣១៥ម៉ែត្រ ហើយស្ពាននេះគឺជាផ្នែកមួយនៃផ្លូវរថភ្លើងដំបូងគេដែលតភ្ជាប់រវាងតំបន់កាស្មៀរ និងតំបន់ផ្សេងទៀតនៃប្រទេសឥណ្ឌា។
បន្ថែមពីលើស្ពាន Chenab លោកនាយករដ្ឋមន្ត្រីឥណ្ឌា Modi ក៏បានសម្ពោធគម្រោង Udhampur-Srinagar-Baramulla Rail Link ដែលជាផ្លូវដែកប្រវែង ២៧២គីឡូម៉ែត្រ តភ្ជាប់ទីក្រុងសំខាន់ៗនៅក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌាទៅកាន់តំបន់ផ្សេងៗទៀតនៃប្រទេសឥណ្ឌា។
រដ្ឋបាលរបស់លោក Modi បានចំណាយលុយរាប់ពាន់លានដុល្លារធ្វើទំនើបកម្មបណ្តាញដឹកជញ្ជូនចំណាស់ និងហួសសម័យរបស់ប្រទេសឥណ្ឌា ដែលជាផ្នែកមួយនៃចក្ខុវិស័យប្រែក្លាយឥណ្ឌាទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។