ក្រសួងបរិស្ថាន៖ «យុទ្ធនាការអន្ទាក់សូន្យនៅខេត្តមណ្ឌលគិរី»
អន្ទាក់ គឺជាកត្តាគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះជីវិតសត្វព្រៃនៅកម្ពុជា។ គ្រាន់តែនៅក្នុងតំបន់ការពារធម្មជាតិចំនួនប្រាំ ក្នុងប្រទេសកម្ពុជា ដែលរួមមានឧទ្យានជាតិភ្នំក្រវាញ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច មានអន្ទាក់សរុបចំនួន ២៣៤២៩១ ត្រូវបានយកចេញក្នុងចន្លោះឆ្នាំ ២០១០ ដល់ ២០១៩។
ក្នុងឆ្នាំ២០២១ មានអន្ទាក់ដល់ទៅ ៦១៦១១ ត្រូវបានយកចេញពីតំបន់ការពារធម្មជាតិ និងរបៀងជីវៈចម្រុះចំនួន៧២កន្លែងនៅក្នុងប្រទេសកម្ពុជា។ ចំនួននេះមានការកើនឡើងលើសពីចំនួនជាមធ្យមក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ដែលមានចំនួន ៤០០០០អន្ទាក់ក្នុងមួយឆ្នាំ។ ចំនួននេះគ្រាន់តែជាចំណែកដ៍តូចប៉ុណ្ណោះនៃចំនួនអន្ទាក់ ដែលត្រូវបានប៉ាន់ប្រមាណថា បានដាក់ប្រើប្រាស់ក្នុងព្រៃនៃប្រទេសកម្ពុជា ហើយវាបានបន្តគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះជីវិតសត្វព្រៃ ជាពិសេសប្រភេទសត្វជិតផុតពូជ។
ដើម្បីដោះស្រាយវិបត្តិអន្ទាក់នេះ ក្រសួងរដ្ឋាភិបាលដែលទទួលខុសត្រូវ និងអង្គការអភិរក្សអន្តរជាតិបានសហការគ្នាប្រកាសចាប់ផ្តើមយុទ្ធនាការ “អន្ទាក់សូន្យ” នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ គោលបំណង គឺដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការប្រើប្រាស់អន្ទាក់សត្វខុសច្បាប់ និងប្តេជ្ញាចិត្តរួមគ្នាក្នុងការលុបបំបាត់ការដាក់អន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដើម្បីឲ្យសត្វព្រៃរបស់យើងអាចផ្លាស់ទីបានដោយសេរី និងសុវត្ថិភាពនៅក្នុងតំបន់ការពារទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។